គណបក្ស​សម្ព័ន្ធមិត្ត​ធំៗពីរ ប្រកាសមិន​ដក​ខ្លួន​ចេញ​ពី​រដ្ឋាភិបាលថៃដាច់ខាត

អន្តរជាតិ

គណបក្សប្រជាធិបតេយ្យ និងគណបក្ស Chartthaipattana សម្រេចចិត្តមិនដកខ្លួនចេញពីក្រុមចម្រុះដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra នោះឡើយ បើទោះបីជានយោបាយក្នុងប្រទេសកំពុងរងនូវការរង្គោះរង្គើខ្លាំង បន្ទាប់ពីមានការបែកធ្លាយនូវកិច្ចសន្ទនារវាងលោកស្រី ជាមួយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីមានកិច្ចប្រជុំអស់រយ:ពេលបីម៉ោង កាលពីថ្ងៃទី១៩ ខែមិថុនា រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Chalernmchai Sri-on មេដឹកនាំគណបក្សប្រជាធិតេយ្យ បានប្រកាសថា គណ:កម្មាធិការប្រតិបត្តិរបស់គណបក្សបានឈានដល់ការឯកភាព ដើម្បីបន្តចូលរួមក្នុងរដ្ឋាភិបាលចម្រុះរបស់លោកស្រី Paetongtarn ។

ជាមួយគ្នានេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យ លោកស្រី Jenjira Rattanaphian បានបញ្ជាក់សារជាថ្មីថា គណបក្សផ្តោតសំខាន់លើប្រជាជន ហើយការសម្រេចចិត្តណាមួយនាពេលអនាគត នឹងត្រូវធ្វើឡើងដោយគិតគូរពីផលប្រយោជន៍របស់ប្រជាជន ជាចម្បង។

យ៉ាងណាមិញ នៅថ្ងៃដដែលនោះ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស លោក Varawut Silpa-archa ដែលជាមេដឹកនាំគណបក្ស Chartthaipattana ក៏បានប្រកាសថា គណបក្សរបស់លោកនឹង មិនធ្វើសកម្មភាពប្រញាប់ប្រញាល់ណាមួយ ចំពោះបញ្ហានេះនោះឡើយ ដោយសម្តែងការគាំទ្រចំពោះនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn ។

គួរឲ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn បានឡើងកាន់អំណាចនៅខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបានបង្កើតក្រុមចម្រុះចំនួន ១១ ដែលដឹកនាំដោយគណបក្សភឿថៃ។ តែទោះ​ជា​យ៉ាង​ណា រដ្ឋាភិបាល​ចម្រុះ​របស់​លោកស្រី បច្ចុប្បន្នកំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ការ​ដួល​រលំ ​បន្ទាប់​ពី​ការ​បែកធ្លាយសារសំឡេង​តាមទូរស័ព្ទ​របស់​លោកស្រី​ជាមួយ​ ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះគន់ជាខ្លាំង។

ជម្រាបជូនថា កាលពីថ្ងៃទី១៨ ខែមិថុនា គណបក្ស Bhumjaithai Party (BJT) ដែលជាគណបក្សធំទីពីរនៅក្នុងសម្ព័ន្ធកំពុងកាន់អំណាច បានប្រកាសដកខ្លួនចេញពីរដ្ឋាភិបាល បន្ទាប់ពីមានរឿងអាស្រូវនេះ។ ហើយក្រោយមកទៀត គណបក្សប្រឆាំងធំៗជាច្រើន បានបង្កើនសម្ពាធលើលោកស្រី Paetongtarn ឲ្យលាលែងពីតំណែង៕