សហរដ្ឋអាមេរិក​ រំពឹងអាចទាក់ទាញសេដ្ឋីៗបរទេសជាង ៧​ ០០០​ នាក់ នៅឆ្នាំនេះ

អន្តរជាតិ

យោងតាមការសិក្សាថ្មីចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា សហរដ្ឋអាមេរិក គ្រោងនឹងទាក់ទាញសេដ្ឋីបរទេសប្រមាណ ៧ ៥០០ នាក់ នៅក្នុងឆ្នាំ២០២៥ នេះ ជាមួយនឹងទ្រព្យសម្បត្តិរួម ត្រូវបានប៉ាន់ប្រមាណថានឹងមានចំនួន ៤៣,៧ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ពី The Henley Private Wealth Migration Report 2025 ដែលធ្វើឡើងក្រុមហ៊ុនប្រឹក្សាវិនិយោគ Henley & Partners បានបង្ហាញឲ្យដឹងថា​ រាប់ចាប់តាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៤ សហរដ្ឋអាមេរិក បានមើលឃើញពីការកើនឡើងចំនួនសេដ្ឋីដល់ទៅ ៧៨%។

​ជុំវិញកំណើនដ៏ច្រើននេះ​ ត្រូវបានជំរុញជាពិសេសដោយកម្មវិធីវិនិយោគិនអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក​​ ឬត្រូវបានគេស្គាល់ថា EB-5 ដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ១៩៩០ ដែលជាកម្មវិធីផ្តល់នូវអត្ថប្រយោជន៍ពិសេសៗជាច្រើន សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស។ កម្មវិធីនេះ​ ត្រូវបានចាត់ទុកថាជាគន្លឹះដ៏សំខាន់​ ដែលធ្វើឲ្យសហរដ្ឋអាមេរិក មានភាពទាក់ទាញចំពោះអ្នកមានៗ ឲ្យមកបណ្តាក់ទុន និងមករស់នៅ។

គួរឲ្យដឹងផងដែរថា សហរដ្ឋអាមេរិក ស្ថិតនៅលំដាប់ទីពីរ បន្ទាប់ពីប្រទេសអារ៉ាប់ ដែលទាក់ទាញសេដ្ឋីៗឲ្យមករស់នៅប្រកបអាជីវកម្ម ច្រើនបំផុតនៅលើពិភពលោក។ អារ៉ាប់រួម ត្រូវបានគេរំពឹងទុកថានឹងទាក់ទាញសេដ្ឋីចំនួន ៩​ ៨០០ នាក់ ជាមួយទ្រព្យសម្បត្តិសរុប ៦៣ពាន់លានដុល្លារ នៅឆ្នាំនេះ។

ជម្រាបជូនថា យោងតាម Henley & Partners បានបង្ហាញឲ្យដឹងទៀតថា នៅទូទាំងពិភពលោក សេដ្ឋីៗប្រហែល ១៤២ ០០០ នាក់ នឹងផ្លាស់ប្តូរទីលំនៅ ទៅកាន់ប្រទេសថ្មី នៅក្នុងឆ្នាំ២០២៥ នេះ។ ហើយក្រៅតែពីសហរដ្ឋអាមេរិក និងអារ៉ាប់រួម ប្រទេសអ៊ីតាលី​ ស្វីស និងអារ៉ាប៊ីសាអូឌីត ក៏ជាកន្លែងទាក់ទាញបំផុត សម្រាប់សេដ្ឋីៗ ផងដែរ៕​