ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក Casey Barnett បាននិយាយថា កម្ពុជាមានការកាត់បន្ថយអត្រាពន្ធច្រើនជាងគេក្នុងចំណោមប្រទេសទាំង១៤ ដែលបានទៅចរចាជាមួយអាមេរិក ដោយសារកម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។

លោក Casey Barnett បានឱ្យដឹងនៅថ្ងៃទី៨ កក្កដានេះថា «ភាពប្រសើរឡើងរបស់កម្ពុជា គឺដោយសារការចូលរួមយ៉ាងសកម្មជាមួយ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ បច្ចុប្បន្នកម្ពុជាខិតជិតដៃគូប្រកួតប្រជែងសំខាន់របស់ខ្លួន គឺបង់ក្លាដែស និងឥណ្ឌូនេស៊ី។ ប៉ុន្តែកម្ពុជានៅពីក្រោយប្រទេសវៀតណាម ដែលមានអត្រា ២០%។ វៀតណាមបានផ្តល់សិទ្ធិចូលទីផ្សារវៀតណាមដោយគ្មានពន្ធដល់អាមេរិក។ រោងចក្រមួយចំនួននៅកម្ពុជាឥឡូវនេះ កំពុងសម្លឹងមើលប្រទេសក្រៅអាស៊ី ដូចជាអេហ្ស៊ីប ដែលមានតម្លៃពលកម្មទាប ប៉ុន្តែមានតែពន្ធអាមេរិក ១០% ប៉ុណ្ណោះ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានប្រកាសថាខ្លួននឹងយកពន្ធគយ ៣៦% លើផលិតកម្ពុជាទាំងអស់ដែលនាំចូលទៅកាន់ទីផ្សារអាមេរិក ចាប់ពីថ្ងៃទី១ ខែសីហាតទៅ ខណ:អត្រាពន្ធគយថ្មីនេះ ត្រូវបានកាត់បន្ថយជាច្រើន បើធៀបទៅនឹងកម្រិត ៤៩% ដែលត្រូវបានដាក់ កាលពីដើមខែមេសាកន្លងទៅ។
ការបន្ថយពន្ធនេះ បន្ទាប់ពីកម្ពុជាបានចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការវាងកម្ពុជា និងសហរដ្ឋអាមេរិកចំនួន ២លើកនៅទីក្រុងវ៉ាស៊ិនតោន សហរដ្ឋអាមេរិក ដែលជុំទី១នៅខែឧសភា និងជុំ២នៅខែមិថុនា និងប្រជុំតាមប្រព័ន្ធអនឡាញម្តងទៀត នាដើមខែកក្កដា ឆ្នាំ២០២៥។
សូមបញ្ជាក់ដែរថា ក្នុងបណ្តាប្រទេសតំបន់អាស៊ានផ្សេងទៀត ដូចឡាវ និងមីយ៉ាន់ម៉ា នឹងត្រូវរងនូវពន្ធគយ ៤០% , ម៉ាឡេស៊ី ២៥% , ថៃ រងពន្ធ ៣៦% និងឥណ្ឌូណេស៊ី នឹងត្រូវរងពន្ធគយ ៣២%៕


