ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី៨ ខែកក្កដាថា សហរដ្ឋអាមេរិក នឹងគិតពន្ធ ១០% បន្ថែមលើការនាំចូលពីបណ្តាប្រទេសសមាជិក BRICS នៅក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ ដែលបានគំរាមដាក់ពន្ធបន្ថែម ១០% កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បាននិយាយព្រមានសារជាថ្មី នៅក្នុងកិច្ចប្រជុំគណ:រដ្ឋមន្ត្រី នៅឯសេតវិមានកាលពីថ្ងៃអង្គារ ថា៖” ប្រទេសណាមួយក៏ដោយ ដែលស្ថិតនៅក្នុងប្លុក BRICS នឹងត្រូវជាប់ពន្ធ ១០% បន្ថែម ក្នុងពេលឆាប់ៗនេះ។ ហើយប្រសិនបើពួកគេជាសមាជិកមួយរបស់ BRICS នោះពួកគេនឹងត្រូវបង់ពន្ធគយ ១០% ហើយពួកគេនឹងមិនអាចនៅជាសមាជិករបស់ប្លុកនេះ បានយូរទៀតទេ”។
យ៉ាងណាមិញ ជុំវិញការព្រមានរបស់លោក ត្រាំ បានធ្វើឡើង ស្របពេលបណ្តាមេដឹកនាំក្រុម BRICS បានសម្តែងការរិះគន់ដោយប្រយោលចំពោះគោលនយោបាយយោធា និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Rio de Janeiro កាលពីពេលថ្មីៗនេះ។ បច្ចុប្បន្ន ក្រុម BRICS កាន់តែបន្តពង្រីកសមាជិកភាពរបស់ខ្លួនកាន់តែធំជាងមុន បន្ថែមពីលើប្រទេសស្ថាបនិក ដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។
យ៉ាងណាមិញ លោក ត្រាំ ហាក់មិនបានផ្តល់កាលបរិច្ឆេទជាក់លាក់ សម្រាប់ការដាក់ពន្ធបន្ថែមលើ BRICS ថានឹងត្រូវចាប់ផ្តើមនៅពេលណានោះទេ ដោយលោកគ្រាន់តែបង្ហើបថា វាអាចនឹងត្រូវធ្វើឡើង នៅក្នុងពេលឆាប់ៗខាងមុខ៕

