ចិន បង្កើនថវិកាលើវិស័យការពារជាតិរហូតដល់ជិត ២៨៧ពាន់លានដុល្លារ នៅឆ្នាំនេះ

អន្តរជាតិ

ប្រទេសចិន ត្រូវបានគេរំពឹងថានឹងបង្កើនការចំណាយរហូតដល់ជិត ២៨៧ពាន់លានដុល្លារលើវិស័យការពារជាតិនៅឆ្នាំនេះ ដែលជាការកើនឡើង ៧% បើធៀបទៅនឹងឆ្នាំ២០២៥ និងប្រហែលមួយភាគបីនៃថវិកាការពារជាតិរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមអ្នកជំនាញ ទឹកប្រាក់ដ៏ច្រើននេះ នឹងត្រូវបានប្រើប្រាស់ដើម្បីបង្កើនប្រាក់ខែទាហាន រៀបចំការបណ្តុះបណ្តាល និងលំហាត់យោធានៅជុំវិញកោះតៃវ៉ាន់ បង្កើនសមត្ថភាពសង្គ្រាមតាមប្រព័ន្ធអ៊ីនធឺណិត ទិញអាវុធ និងឧបករណ៍ទំនើបៗ និងច្រើនទៀត។

យ៉ាងណាមិញ ចំពោះការកើនឡើងនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការបិទគម្លាតជាមួយសហរដ្ឋអាមេរិក ដែលនឹងចំណាយជិត ៩៦២ពាន់លានដុល្លារលើវិស័យការពារជាតិក្នុងឆ្នាំសារពើពន្ធ ២០២៦។ ការសម្រេចចិត្តនេះក៏ឆ្លុះបញ្ចាំងពីគោលនយោបាយរក្សាស្ថិរភាពផងដែរ ខណៈពេលដែលទីក្រុងប៉េកាំងកំពុងបន្តយុទ្ធនាការប្រឆាំងអំពើពុករលួយយ៉ាងទូលំទូលាយនៅក្នុងវិស័យយោធារបស់ខ្លួន។

ជម្រាបជូនថា ប្រទេសចិនរក្សាការកើនឡើងប្រចាំឆ្នាំជាលំដាប់នៃថវិកាការពារជាតិរបស់ខ្លួននៅចន្លោះពី ៧-៨% ប៉ុន្តែការចំណាយយោធារបស់ខ្លួនជាភាគរយនៃផលិតផលក្នុងស្រុកសរុបត្រូវបានចាត់ទុកថាមានកម្រិតមធ្យម។ ថវិកាការពារជាតិឆ្នាំ២០២៤ របស់ប្រទេសចិនគឺស្មើនឹង ១,៧% នៃផលិតផលក្នុងស្រុកសរុប ដែលទាបជាង ៣,៤% របស់សហរដ្ឋអាមេរិក និង ៧,១% របស់រុស្ស៊ី។នេះបើយោងតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហូម (SIPRI)៕