ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសថាសហរដ្ឋអាមេរិក នឹងដំឡើងពន្ធគយ ៥០% លើទង់ដែងដែលនាំចូល ពីគ្រប់បណ្តាប្រទេសទាំងអស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បាននិយាយនៅក្នុងកិច្ចប្រជុំគណ:រដ្ឋមន្ត្រី នៅឯសេតវិមាន កាលពីថ្ងៃទី៨ ខែកក្កដាថា៖” ថ្ងៃនេះ យើងកំពុងដាក់ពន្ធបន្ថែមលើការនាំចូលទង់ដែង”។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក ត្រាំ ហាក់មិនទាន់បង្ហាញច្បាស់ថាពន្ធគយថ្មីនេះ នឹងត្រូវចូលជាធរមាន នៅពេលណានៅឡើយនោះទេ។
នៅក្នុងបទសម្ភាសជាមួយស្ថានីយទូរទស្សន៍ CNBC នៅថ្ងៃដដែលនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Howard Lutinick បាននិយាយថា ពន្ធគយថ្មីលើការនាំចូលទង់ដែង អាចនឹងត្រូវអនុវត្ត នៅចុងខែកក្កដា ឬថ្ងៃទី១ ខែសីហាខាងមុខ។
ជុំវិញការសម្រេចចិត្តរបស់លោក ត្រាំំ ក្នុងការដាក់ពន្ធគយលើទង់ដែងនេះ បានធ្វើឲ្យទីផ្សារមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះគ្រប់គ្នាមិនរំពឹងទុកថា ផែនការនេះអាចមានភាពឆាប់រហ័ស និងអត្រាពន្ធខ្ពស់ជាងការរំពឹងទុករបស់ឧស្សាហកម្មបែបនេះ ឡើយ។
គួរឲ្យដឹងថា ទង់ដែងគឺជាលោហធាតុដែលប្រើប្រាស់ច្រើនជាងគេលំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពីដែក និងអាលុយមីញ៉ូម។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក បាននាំចូលទង់ដែងជិតពាក់កណ្តាលនៃតម្រូវការប្រើប្រាស់សរុបរបស់ខ្លួន។ ហើយជុំវិញផែនការពន្ធគយថ្មីនេះ អាចនឹងជះផលប៉ះពាល់ខ្លាំងបំផុតពីប្រទេសនាំចេញទង់ដែងកំពូល ដូចជា ឈីលី កាណាដា និងម៉ិកស៊ិក ជាដើម។
ជម្រាបជូនផងដែរថា កាលពីចុងខែកុម្ភៈ លោក ត្រាំ បានបញ្ជាឲ្យមានការស៊ើបអង្កេតលើពន្ធថ្មីដែលអាចកើតមានលើការនាំចូលទង់ដែង ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ។
ជាមួយគ្នានេះ លោក Lutnick បាននិយាយថា គោលដៅធំបំផុត គឺដើម្បីនាំយកការផលិតទង់ដែងត្រឡប់មកសហរដ្ឋអាមេរិកវិញ ដោយសង្កត់ធ្ងន់ថា ផែនការថ្មីរបស់លោក ត្រាំ នឹងធ្វើឲ្យកម្រិតពន្ធទង់ដែងស្មើគ្នាជាមួយនឹងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដែលត្រូវបានដំឡើងដល់ ៥០% នៅដើមខែមិថុនា៕

