តុលាការកូរ៉េខាងត្បូង បានចេញដីកាចាប់ខ្លួនអតីតប្រធានាធិបតី លោក Yoon Suk-yeol ពាក់ព័ន្ធទៅនឹងការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោក ហើយឥឡូវនេះ លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំងជាលើកទីពីរ ពោលគឺនៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមស៊ើបអង្កេតពិសេសព្យាយាមចាប់ឃាត់ខ្លួនលោកសារជាថ្មី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
![]()
ចៅក្រមជាន់ខ្ពស់លោក Nam Se-jin នៃតុលាការកណ្តាលក្រុងសេអ៊ូល បានចេញដីកាចាប់ខ្លួន លោក Yoon Suk-yeol នៅព្រឹកថ្ងៃទី១០ ខែកក្កដានេះ តាមសំណើរបស់រដ្ឋអាជ្ញាពិសេស Cho Eun-seok ជុំវិញការព្រួយបារម្ភថា អតីតប្រធានាធិបតីរូបនេះអាច “បំផ្លាញភស្តុតាង”។
គួរឲ្យដឹងផងដែរថា អតីតប្រធានាធិបតីវ័យ ៦៤ឆ្នាំរូបនេះ កំពុងស្ថិតនៅក្រោមការកាត់ទោសពីបទបះបោរ ហើយត្រូវបានស្នើសុំឲ្យបង្ហាញខ្លួននៅក្នុងតុលាការ នាពេលថ្មីៗនេះ ដើម្បីបដិសេធនូវការចោទប្រកាន់មួយចំនួន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ហាក់មិនបានអើពើទៅនឹងការកោះហៅជាច្រើនសារពីរដ្ឋអាជ្ញាពិសេសនោះឡើយ មុនពេលឈានដល់ការស្វែងរកដីកាចាប់ខ្លួនអតីតមេដឹកនាំរូបនេះ តែម្តង។
លោក Yoon កំពុងប្រឈមមុខនឹងការចោទប្រកាន់ជាច្រើន រួមទាំងការសមគំនិតក្នុងការប្រព្រឹត្តការបះបោរ ដែលទោសធ្ងន់បំផុត អាចឈានដល់ការកាត់ទោសប្រហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិត។
ជម្រាបជូនផងដែរថា នេះជាលើកទី២ ហើយដែលលោក Yoon ត្រូវបានចាប់ខ្លួន បន្ទាប់ពីការចាប់ខ្លួនលើកទី១ ត្រូវបានធ្វើឡើងនៅក្នុងខែមករា នៅពេលដែលលោកកំពុងកាន់តំណែងជាប្រធានាធិបតី នៅឡើយ។ ក្រោយមកតុលាការក៏បានសម្រេចដោះលែងលោក ឲ្យនៅក្រៅឃុំវិញ នៅក្នុងខែមីនា៕

