យោងតាមការព្យាករពីសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានបង្ហាញថា ប្រទេសថៃ អាចប្រឈមមុខទៅនឹងការខាតបង់ដល់ទៅ ២០០ពាន់លានបាត (ប្រហែលជាង ៦,១ពាន់លានដុល្លារ) នៅក្នុងការនាំចេញទំនិញ នៅឆ្នាំនេះ ប្រសិនបើសហរដ្ឋអាមេរិក បន្តដាក់ពន្ធថ្មី នៅក្នុងកម្រិតចាប់ពី ២៥% ទៅ ៣៦% លើទំនិញរបស់ថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

លោក Thanavath Phonvichai ប្រធាន UTCC បានកត់សម្គាល់ថា បច្ចុប្បន្ននេះ វានៅតែមានឱកាសសម្រាប់ប្រទេសថៃក្នុងការចរចាលើអត្រាពន្ធអនុគ្រោះបន្ថែមទៀត ដោយអាចបញ្ចុះមកត្រឹម ២០% មុនពេលកាតព្វកិច្ចពន្ធត្រូវបានកំណត់ឲ្យចូលជាធរមាននៅថ្ងៃទី១ ខែសីហា។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងចុងក្រោយជាមួយសហរដ្ឋអាមេរិក ហាក់នៅតែគ្មានភាពជាក់លាក់ នៅឡើយ។
មិនតែប៉ុណ្ណោះ នៅមានការព្រួយបារម្ភបន្ថែមទៀត ដោយលោកបានព្រមានថា អស្ថិរភាពនយោបាយក្នុងស្រុក ដូចជាការរំលាយសភា ឬការខកខានរបស់រដ្ឋាភិបាលក្នុងការអនុម័តថវិកាជំរុញសេដ្ឋកិច្ច អាចកាត់បន្ថយកំណើន GDP ដល់ ១ភាគរយ។ ក្នុងស្ថានភាពបែបនេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃអាចនឹងធ្លាក់ចុះក្រោម ១% សម្រាប់ឆ្នាំនេះ ដែលស្ថិតនៅក្រោមការព្យាករពីមុន ក្នុងកម្រិត ១,៧%។
ជាងនេះទៅទៀត ប្រសិនបើពន្ធរបស់សហរដ្ឋអាមេរិក ត្រូវបានអនុវត្តចន្លោះពី ២៥-៣៦% UTCC បានប៉ាន់ប្រមាណថាការនាំចេញដែលមានតម្លៃចន្លោះពី ៤០០-៦០០ពាន់លានបាត អាចរងផលប៉ះពាល់៕

