ថៃប្រឈមមុខទៅនឹងការខាតបង់ជាង ៦ពាន់លានដុល្លារ ក្រោយអាមេរិកដំឡើងពន្ធខ្ពស់

អន្តរជាតិ

យោងតាមការព្យាករពីសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានបង្ហាញថា ប្រទេសថៃ​ អាចប្រឈមមុខទៅនឹងការខាតបង់ដល់ទៅ ២០០ពាន់លានបាត (ប្រហែលជាង ៦,១ពាន់លានដុល្លារ) នៅក្នុងការនាំចេញទំនិញ នៅឆ្នាំនេះ ប្រសិនបើសហរដ្ឋអាមេរិក បន្តដាក់ពន្ធថ្មី នៅក្នុងកម្រិតចាប់ពី ២៥% ទៅ ៣៦% លើទំនិញរបស់ថៃ​។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Thanavath Phonvichai ប្រធាន UTCC បានកត់សម្គាល់ថា បច្ចុប្បន្ននេះ វានៅតែមានឱកាសសម្រាប់ប្រទេសថៃក្នុងការចរចាលើអត្រាពន្ធអនុគ្រោះបន្ថែមទៀត ដោយអាចបញ្ចុះមកត្រឹម ២០% មុនពេលកាតព្វកិច្ចពន្ធត្រូវបានកំណត់ឲ្យចូលជាធរមាននៅថ្ងៃទី១ ខែសីហា។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងចុងក្រោយជាមួយសហរដ្ឋអាមេរិក ហាក់នៅតែគ្មានភាពជាក់លាក់ នៅឡើយ។

មិនតែប៉ុណ្ណោះ​ នៅមានការព្រួយបារម្ភបន្ថែមទៀត ដោយលោកបានព្រមានថា អស្ថិរភាពនយោបាយក្នុងស្រុក ដូចជាការរំលាយសភា ឬការខកខានរបស់រដ្ឋាភិបាលក្នុងការអនុម័តថវិកាជំរុញសេដ្ឋកិច្ច អាចកាត់បន្ថយកំណើន GDP ដល់ ១ភាគរយ។ ក្នុង​ស្ថានភាព​បែប​នេះ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​អាច​នឹង​ធ្លាក់​ចុះ​ក្រោម ១% សម្រាប់​ឆ្នាំ​នេះ ដែល​ស្ថិត​នៅ​ក្រោម​ការ​ព្យាករ​ពីមុន ក្នុងកម្រិត ១,៧%។

ជាងនេះទៅទៀត ប្រសិនបើពន្ធរបស់សហរដ្ឋអាមេរិក ត្រូវបានអនុវត្តចន្លោះពី ២៥-៣៦% UTCC បានប៉ាន់ប្រមាណថាការនាំចេញដែលមានតម្លៃចន្លោះពី ៤០០-៦០០ពាន់លានបាត អាចរងផលប៉ះពាល់៕​