អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នាថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញទទួលដំណើរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជិះឡូរី និងទស្សនាសួនសត្វ នៅតំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានគូសបញ្ជាក់ថា រូបលោក និងភរិយា កូនចៅ បុគ្គលិក កម្មករ ព្រមទាំងប្រជាពលរដ្ឋជាច្រើនកុះករ បានទទួលដំណើរដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតអញ្ជើញមកជិះឡូរី ទស្សនាសួនសត្វ ចូលបេះផ្លែមៀន និងបានដាំដើមធ្នង់ជានិមិត្តរូប ព្រមទាំងទស្សនាចំការឈើគីនិនចំនួន៣ម៉ឺនដើម ដែលលោកបានដាំកន្លងមក និងបានពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក ភ្លើង ចំការឈើហូបផ្លែមួយចំនួនទៀត នៅទូទាំងតំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសំរោងជើងភ្នំ ភូមិស្វាយដង្គំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
«ជំនួសមុខឱ្យភរិយា កូនចៅ បុគ្គលិក កម្មករ ប្រជាជនទាំងអស់គ្នា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដែលសម្តេចបានផ្តល់កិត្តិយសដ៏មហាធំធេង មិនអាចកាត់ថ្លៃបានអស់រយៈពេលជិតមួយថ្ងៃនេះ ជាពិសេសបំផុតនោះសម្តេច ព្រមទាំងលោកជំទាវ បានរំលឹកអនុស្សាវរីយ៍កាលពីឆ្នាំ២០០៦ បានខ្ចីផ្ទះខ្ញុំនៅទួលគោក សម្រាប់រៀបចំជំនូនដង្ហែរកូនកម្លោះ រៀបអាពាហ៍ពិពាហ៍សម្តេចធិបតី និងលោកជំទាវ ពេជ ចន្ទមុន្នី ខ្ញុំសូមកោតសរសើរសម្តេចអស់រយៈពេល១៩ឆ្នាំ បានកន្លងទៅហើយ តែនៅចងចាំយ៉ាងច្បាស់លាស់បំផុត»។ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបន្ថែម។
សូមជម្រាបថា តំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ជាកន្លែងទេសចរណ៍បង្កើតឡើងដោយ អ្នកឧកញ៉ា ម៉ុង ឫទ្ធី មានផ្ទៃដីសរុបប្រមាណ ៥០០ហិកតា ដោយដាំដុះដំណាំចម្រុះប្រភេទ មានទាំងឈើហូប ព្រៃឈើធម្មជាតិ បន្លែបង្ការ សួនសត្វ មានសត្វព្រៃ សត្វស្រុក និងធនធានធម្មជាតិផ្សេងៗទៀត ព្រមទាំងមានទីលានប្រណាំងរថយន្ត និងកន្លែងជិះឡូរីកម្សាន្តផងដែរ៕













