លោក ឌួង ឆាយ អគ្គនាយកក្រុមហ៊ុន Downtown Development និងជាម្ចាស់បុរី ដោនថោន ផ្លូវ ២០០៤ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានទិញរថយន្តទំនើបមួយគ្រឿង ជូនដល់ម្តាយរបស់ខ្លួន ដែលជាអ្នកមានគុណដ៏ធំធេងគឺ អ្នកឧកញ៉ា ខុង លីស៊ីអាណា។

លោក ឌួង ឆាយ បានបង្ហោះរូបភាពជាមួយអ្នកម្តាយ និងក្រុមគ្រួសារ ជាមួយនឹងរថយន្តថ្មីខ្នាតធំលក្ខណៈគ្រួសារម៉ាក Denza ព្រមទាំងភ្ជាប់ជាមួយនឹងសារបែបនេះថា៖ “Surprise កាដូរថយន្តជូនអ្នកម្តាយព្រះរស់ដ៏មានគុណបានសម្រេច។ សង្ឃឹមអ្នកម្តាយនឹងរស់នៅមានសេចក្តីសុខ និងពិធីក្រុងពាលីសង្កត់គ្រឹះ ធ្វើភូមិគ្រឹះជូនអ្នកម្តាយនៅឆ្នាំក្រោយពេលដល់ពេលវេលាហុងស៊ុយ”។
សូមជម្រាបថា អ្នកឧកញ៉ា ខុង លីស៊ីអាណា ម្តាយរបស់លោក ឌួង ឆាយ គឺជាម្ចាស់ក្រុមហ៊ុន ឌីអិនជី គ្រុប (D N G Group) ដែលជាប្រភេទអាជីវកម្មសំណង់ (សាងសង់អគារ)។ លោកស្រីឧកញ៉ា ត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕







