សាស្រ្តាចារ្យបីរូប មកពីសាកលវិទ្យាល័យកំពូលៗររបស់ពិភពលោក ដូចជា Stanford , UCLA និងសាកលវិទ្យាល័យកំពូលរបស់ចិន ត្រូវបានគេចាត់ចំណាត់ថ្នាក់ ក្នុងចំណោមកំពូលអ្នកមានបំផុតទាំង ១ ០០០ របស់ពិភពលោក ជាមួយទំហំទ្រព្យសម្បត្តិសរុបរួមបញ្ចូលគ្នាលើសពី ៤៦ពាន់លានដុល្លារ។
១. លោកស្រី Fan Daidi គឺជាសាកលវិទ្យាធិការរង ប្រចាំនៅសាកលវិទ្យាល័យ Northwest ក្នុងខេត្ត Shaanxi ប្រទេសចិន។ លោកស្រី កាន់មុខតំណែងចម្បង ក្នុងនាមជាអ្នកមើលការខុសត្រូវលើកិច្ចសហប្រតិបត្តិការអន្តរជាតិ។

យោងតាមសារព័ត៌មាន South China Morning Post បានរាយការណ៍ថា លោកស្រី Fan ត្រូវបានគេជឿជាក់ថាមានទ្រព្យសម្បត្តិច្រើនដាច់គេបំផុត ក្នុងចំណោមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យផ្សេងៗទៀត នៅទូទាំងប្រទេស។
យោងតាម Forbes បានរាយការណ៍ទ្រព្យសម្បត្តិសរុបរបស់លោកស្រី Fan មានចំនួនប្រហែល ៤,២ពាន់លានដុល្លារ ដែលចំណូលជាចម្បងរបស់លោកស្រី ទទួលបានពីការកាន់ភាគហ៊ុននៅក្នុងក្រុមហ៊ុនថែរក្សាសម្រស់ Giant Biogene Holding ដែលលោកស្រី រួមជាមួយស្វាមី គឺជាសហស្ថាបនិកក្រុមហ៊ុន។
២. លោក David Cheriton មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥,៤ពាន់លានដុល្លារ ជាសាស្រ្តាចារ្យកិត្តិយសប្រចាំងនៅសាកលវិទ្យាល័យ Stanford។

យោងតាម Bloomberg បានរាយការណ៍ថា ប្រាក់ចំណូលចម្បងរបស់លោក Cheriton ទទួលបានការពីការវិនិយោគនៅក្នុង Google អំឡុងពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សនេះ កំពុងចាប់ផ្តើមអាជីវកម្មដំបូងរបស់ខ្លួន។
៣. លោក Henry Samueli មានទ្រព្យសម្បត្តិសរុបប្រហែល ២៦,៨ពាន់លានដុល្លារ ជាសាស្រ្តាចារ្យប្រចាំនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ារដ្ឋ Los Angeles (UCLA) ។ បុរសវ័យ ៧០ឆ្នាំរូបនេះ ក៏ជាសហស្ថាបនិក និងជាប្រធានក្រុមហ៊ុនបន្ទះឈីប Semiconductor Broadcom ផងដែរ។

យោងតាមការចុះផ្សាយពី Forbes បានរាយការណ៍ថា គិតតាមទំហំទ្រព្យសម្បត្តិបច្ចុប្បន្ន លោក Samueli ជាប់នៅចំណាត់ថ្នាក់លេខ៧៤ ក្នុងចំណោមមហាសេដ្ឋីមានបំផុតនៅលើពិភពលោក៕

