លោក ត្រាំ គ្រោងប្រកាសពីការវិនិយោគ ៧០ពាន់លានដុល្លារ ក្នុងវិស័យ AI និងថាមពល នៅសហរដ្ឋអាមេរិក

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា​ គ្រោងនឹងប្រកាសពីការវិនិយោគក្នុងទំហំទឹកប្រាក់រហូតដល់ទៅ ៧០ពាន់លានដុល្លារ នៅក្នុងបញ្ញាសិប្បនិម្មិត AI និងថាមពល នៅក្នុងរដ្ឋ Pennsylvania នៅថ្ងៃអង្គារនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ​ បានរាយការណ៍ទៀតថា លោក ត្រាំ នឹងបង្ហាញពីព័ត៌មានលម្អិតបន្ថែមទៀត នៃការផ្តួចផ្តើមការវិនិយោគថ្មីៗនេះ​នៅក្នុងព្រឹត្តិការណ៍មួយ ធ្វើឡើងនៅជិតទីក្រុង Pittsburgh ដោយមានការចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក David McCormick នៅក្នុងកិច្ចប្រជុំកំពូលថាមពល និងនវានុវត្តន៍ដំបូងបំផុត របស់រដ្ឋ Pennsylvania ។

គួរឲ្យដឹងផងដែរថា ជុំវិញការវិនិយោគនៅក្នុងចំនួនទឹកប្រាក់ដ៏ច្រើនបែបនេះ​ នឹងទទួលបានពីបណ្តាក្រុមហ៊ុនធំៗជាច្រើន រួមបញ្ចូលទាំងការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យថ្មី​ ការពង្រីកផលិតកម្មថាមពល និងការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធបណ្តាញ កម្មវិធីបណ្តុះបណ្តាល AI និងកម្មសិក្សា ជាដើម។

ជម្រាជូនថា កិច្ចប្រជុំកំពូលនេះដែរ ត្រូវបានគេរំពឹងថានឹងទាក់ទាញនាយកប្រតិបត្តិប្រហែល ៦០ នាក់ មកពីបណ្តាក្រុមហ៊ុនធំៗ រកស៊ីផ្នែក AI និងថាមពល។ ក្នុងចំណោមនោះ នាយកប្រតិបត្តិក្រុមហ៊ុនកំពូលៗមួយចំនួន ដែលរំពឹងមកចូលរួម មានដូចជា លោក Larry Fink មកពី BlackRock Inc , Alex Karp មកពី Palantir Technologies Inc, Dario Amodei មកពី Anthropic, Darren Woods មក Exxon Mobil Corp និងលោក Mike Wirth មកពីក្រុមហ៊ុន Chevron Corp ផងដែរ៕​