កូរ៉េខាងត្បូង នឹងបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគជាមួយកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក ផាក ជុងវុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគជាមួយកម្ពុជា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី។លោកលើកឡើងបែបនេះ គឺធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យ៖ ពាណិជ្ជកម្ម, ធុរកិច្ច និង វិនិយោគ និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ ដល់បេសកកម្មរបស់លោកឱ្យទទួលបានជោគជ័យ។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន រឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសាទរចំពោះឯកអគ្គរដ្ឋទូតកូរ៉េ ដែលបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា កម្ពុជា និងកូរ៉េនៅមានសក្ដានុពលជាច្រើនដែលត្រូវពង្រីកបន្ថែម ហើយសម្តេចមានសុទិដ្ឋិនិយមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ នឹងត្រូវបានបន្តពូនជ្រំឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។

សូមជម្រាប់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៣៧៣ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥,៨ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៥៥ពាន់កន្លែង៕អត្ថបទ៖ហ្សាលីន