(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា ថាសិស្សមិនត្រូវប្រើទូរស័ព្ទដៃក្នុងថ្នាក់រៀន ទោះក្នុងម៉ោងរៀន ឬម៉ោងចេញលេង លុះត្រាតែមានការអនុញ្ញាត។ ការណ៍នេះ ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងលើកកម្ពស់ចរិយាសម្បទារបស់សិស្ស។

បើយោងតាមសេចក្ដីណែនាំស្ដីពីការពង្រឹងការអនុវត្ដបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ដើម្បីលើកកម្ពស់ចរិយាសម្បទារបស់សិស្ស របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែមីនានេះ ការអប់រំចរិយាសម្បទារបស់អ្នកសិក្សា គឺជាភារកិច្ច និងទាមទារការចូលរួមរបស់អ្នកពាក់ព័ន្ធទាំងអស់ រួមមាន គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន មាតាបិតា អ្នកអាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធក៏ដូចជា សង្គមជាតិទាំងមូល ។
ក្រសួងបន្ដថា សិស្សានុសិស្សត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា និងអនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ និងគោរពសិទ្ធិអ្នកដទៃ ព្រមទាំងរក្សាភាពថ្លៃថ្នូរ សីលធម៌ និងសុជីវធម៌ ។
ក្រសួងអប់រំ ក៏ស្នើឲ្យមាតាបិតា ឬអ្នកអាណាព្យាបាល និងសហគមន៍ធ្វើសហការចូលរួម និងផ្តល់ការគាំទ្រកម្មវិធីអប់រំ ការប្រឹក្សា សកម្មភាពសង្គម សកម្មភាពលើកកម្ពស់ វប្បធម៌សន្តិភាព កម្មវិធីសំដែងធម៌ទេសនា បឋកថាអំពីសីលធម៌ឬសុជីវធម៌ ដែលរៀបចំដោយគណៈគ្រប់គ្រងសាលារៀន។ ពិនិត្យមើលសកម្មភាពរស់នៅរបស់កូនចៅ ជាពិសេសការអប់រំឱ្យចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ការជក់បារី និងការលេងល្បែងស៊ីសងគ្រប់ប្រភេទ៕


