(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា (ABC) និងអ្នកសារព័ត៌មានកម្ពុជា នឹងត្រូវជួបគ្នានៅលើវាលស្មៅនៃតារាងបាល់ទាត់ NBC Sports ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាលើកទី២ នាល្ងាចម៉ោង ៥ដល់ម៉ោង៧យប់ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡានៅកម្ពុជា ជាពិសេសរឹតចំណងមិត្តភាពរវាងវិស័យព័ត៌មាន និងវិស័យធនាគារនៅកម្ពុជា។

ក្រុមបាល់ទាត់អ្នកសារព័ត៌មាន ដឹកនាំដោយលោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News ហើយមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនទៀតរួមមាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ទីភ្នាក់ងារព័ត៌មានជាតិ (AKP), សារព័ត៌មានភ្នំពេញប៉ុស្តិ៍, សារព័ត៌មាន AMS, ទូរទស្សន៍ CNC, សារព័ត៌មាន KiriPost, សារព័ត៌មាន KhmerTime, សារព័ត៌មានកម្ពុជាថ្មី, សារព័ត៌មាន CCTimes, សារព័ត៌មាន Camboja, សារព័ត៌មានថ្មីៗ និងសារព័ត៌មានឧកញ៉ា News ។
ដោយឡែកសម្រាប់ក្រុមបាល់ទាត់ របស់សមាគមធនាគារនៅកម្ពុជា ដឹកនាំដោយលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា និងនាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសនៃធនាគារ មេយប៊ែង ខេមបូឌា ព្រមជាមួយសមាជិករបស់សមាគម ដែលជាប្រធាននាយកប្រតិបត្តិរបស់ធនាគារនានានៅកម្ពុជា។
ការប្រកួតនេះ មិនផ្តោតខ្លាំងទៅលើលទ្ធផលនោះទេ ប៉ុន្តែការជួបគ្នានៅលើវាលស្មៅ ដើម្បីរឹតចំណងមិត្តភាពរវាងវិស័យព័ត៌មាន និងវិស័យធនាគារនៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅថែមទៀត បន្ថែមទៅលើទំនាក់ទំនងតាមរយៈការបំពេញការងារកន្លងមក។
សូមជម្រាបថា កាលពីប្រកួតលើកទី១ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ក្រុមទាំងពីរបានប្រកួតដោយការយោគយល់ អាធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាល។
ជាមួយគ្នានេះ ក្រុមបាល់ទាត់អ្នកសារព័ត៌មានកម្ពុជា បានសម្តែងអរគុណដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលបានចូលរួមឧបត្ថម្ភ ក្នុងការទ្រទ្រង់សកម្មភាពនៃការប្រកួតនេះ៕

