អ្នកឧកញ៉ា វិញ ហួរ ឧបត្ថម្ភថវិកា ៥០០០ដុល្លារ ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា វិញ ហួរ អភិបាលក្រុមហ៊ុនកំពតផត ចូលរួមឧបត្ថម្ភថវិកាចំនួន ៥០០០ដុល្លារអាមេរិក ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចាត់ទុកការឧបត្ថម្ភគាំទ្ររបស់សប្បុរសជនពេលនេះ ជាចលនាមហាសមានចិត្តដឹងគុណបំណាច់ជ្រាលជ្រៅ ចំពោះអតីតយុទ្ធជន ដែលបានធ្វើពលិកម្មដ៏មហិមាក្នុងបុព្វហេតុជាតិមាតុភូមិ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់សប្បុរសជនបន្តចូលរួមឧបត្ថម្ភថវិកាគាំទ្រដល់សមាគមអតីតយុទ្ធជនកម្ពុជាបន្ថែមទៀត ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសនេះឱ្យបានកាន់តែមហោឡារិក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមអតីតយុទ្ធជនកម្ពុជា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ នឹងមានរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

សូមជម្រាបជូនថា មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នឹងប្រារព្ធឡើងក្នុងគោលបំណង ៣សំខាន់ៗ រួមមាន៖ ទី១-បូកសរុបលទ្ធផលការងាររយៈពេល១០ឆ្នាំ របស់សមាគម, ទី២-កែសម្រួលនិមិត្តសញ្ញាសមាគម និងឈ្មោះសមាគម ដោយផ្លាស់ប្ដូរពីសមាគមអតីតយុទ្ធជនកម្ពុជា ទៅជា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងទី៣-ការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគម ដើម្បីបញ្ចូលនិវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិលចូលក្នុង សមាគមអតីតយុទ្ធជនកម្ពុជា៕