សាកលវិទ្យាល័យធំមួយរបស់ជប៉ុន ចង់ស្វែងយល់ពីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សាកលវិទ្យាល័យតូក្យូ ដែលជាសាកលវិទ្យាល័យធំមួយរបស់ប្រទេសជប៉ុន បានបង្ហាញពីការចាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមអំពីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា សំដៅឈានទៅជំរុញទំនាក់ទំនងប្រទេសទាំងពីរបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយ លោក KAWASHIMA Shin សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យតូក្យូ កាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ បានលើកឡើងថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និងសហការី គឺដើម្បីស្វែងយល់បន្ថែមអំពីប្រទេសកម្ពុជា, ការអភិវឌ្ឍសង្គម -សេដ្ឋកិច្ច និង នយោបាយការបរទេស តាមរយៈការជួបពិភាក្សាជាមួយតំណាងក្រសួង-ស្ថាប័ន និងគ្រឹះស្ថានឧត្តមសិក្សាមួយចំនួន។ លោក ក៏បានស្នេីសុំសម្តេចឱ្យចែករំលែក អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុនផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ច នៅកម្ពុជា ក៏ដូចជាបំណងស្វែងយល់អំពីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ សម្ដេចថា ជប៉ុនគឺជាមិត្តដ៏ល្អរបស់កម្ពុជា និងជាដៃគូដ៏សំខាន់ ដែលបានចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

សម្តេច បញ្ជាក់ថា គោលនយោបាយអាទិភាពរបស់រដ្ឋាភិបាល គឺផ្តោតការយកចិត្តទុកដាក់លើប្រជាជនជាចម្បង សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសេីរឡេីង តាមរយៈការជំរុញវិស័យសុខាភិបាល, អប់រំ, ការបង្កើតការងារ និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និង វិនិយោគជាដើម។

សូមជម្រាបថា តាមរយៈជំនួបនោះ សម្ដេចធិបតី និងលោកសាស្ត្រាចារ្យក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងការរួមចំណែកដល់ការថែរក្សាសន្តិភាពរបស់តំបន់ និងសកលលោក ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាផងដែរ៕អត្ថបទ៖ហ្សាលីន