ក្រុមហ៊ុនខ្នាតយក្សកាណាដា បោះចោលសំណើទិញយកម្ចាស់ហាង 7-Eleven តម្លៃជិត ៥០ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់កាណាដា Alimentation Couche-Tard​ (ACT) ថ្មីៗនេះ​ បានប្រកាសដកខ្លួនចេញពីការផ្តល់សំណើដេញថ្លៃទិញយកក្រុមហ៊ុន Seven & i Holdings ដែលត្រូវបានគេស្គាល់ថាជាម្ចាស់របស់ហាងលក់ទំនិញដ៏ល្បីល្បាញលើពិភពលោក 7-Eleven​ នៅក្នុងតម្លៃប្រមាណ ៤៧ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន ACT បាននិយាយនៅក្នុងលិខិតមួយដែលបានផ្ញើទៅកាន់សមាជិកក្រុមប្រឹក្សាភិបាលរបស់ខ្លួនថា Seven & i មិនបានចូលរួមដោយស្មោះត្រង់ និងស្ថាបនាដើម្បីធ្វើឲ្យកិច្ចព្រមព្រៀងនេះដំណើរការទៅមុខនោះឡើយ ពោលគឺផ្ទុយទៅនឹងសេចក្តីថ្លែងការណ៍ដែលត្រូវបានប្រកាសចេញជាសាធារណ:ដោយអ្នកតំណាងរបស់ក្រុមហ៊ុនខាតយក្សជប៉ុន កាលពីពេលមុន។

ក្រុមហ៊ុនរបស់កាណាដា បាននិយាយទៀតថា Seven & i បានព្យាយាមពន្យារពេលម្តងហើយម្តងទៀត និងរំខានដល់ប្រតិបត្តិការ​ ជុំវិញកិច្ចព្រមព្រៀងទិញលក់នេះ ដែលបណ្តាលឲ្យម្ចាស់ភាគហ៊ុនផ្ទាល់របស់ Seven & i ជួបបញ្ហា។

រំឮកផងដែរថា នៅខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន Alimentation Couche-Tard ដែលជាក្រុមហ៊ុនមេនៃហាងទំនិញលក់ទំនិញរាយ Circle K បានស្នើទិញយក Seven & i Holdings ក្នុងតម្លៃប្រហែល ៣៨ពាន់លានដុល្លារ។ មួយខែក្រោយមក Seven & i បានបដិសេធការផ្តល់ជូននេះ ដោយលើកឡើងពី “ការវាយតម្លៃទាប” របស់ក្រុមហ៊ុន។

លុះដល់ខែតុលា ឆ្នាំ២០២៤ Alimentation Couche-Tard បានបង្កើនការផ្តល់ជូនរបស់ខ្លួន ២២% ដល់ ៤៧ពាន់លានដុល្លារ។ នៅក្នុងខែមីនា ឆ្នាំនេះ ក្រុមហ៊ុនបាននិយាយថា ខ្លួនមានឆន្ទៈក្នុងការបង្កើនការផ្តល់ជូនបន្ថែមទៀត ប្រសិនបើ Seven & i សហការ និងផ្តល់ទិន្នន័យហិរញ្ញវត្ថុបន្ថែម។

ជម្រាបជូនថា Seven & i មានហាង 7-Eleven ជិត ៩០ ០០០ ហាង នៅទូទាំងពិភពលោក។ ក្រុមហ៊ុនក៏ជាម្ចាស់ផ្សារទំនើប ធនាគារ និងភោជនីយដ្ឋាន ផងដែរ។ Seven & i បច្ចុប្បន្នមានតម្លៃមូលធនទីផ្សារប្រហែល ៥,២៣ទ្រីលានយ៉េន (៣៥,១ពាន់លានដុល្លារ)៕