CEO ក្រុមហ៊ុន Astronomer ប្រកាសលាលែងពីតំណែង ក្រោយបែកឃ្លីបឱបបុគ្គលិកខ្លួន ក្នុងការប្រគុំតន្ត្រីមួយ

អន្តរជាតិ

លោក Andy Byron ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Astronomer បានប្រកាសលាលែងចេញពីតំណែងហើយ បន្ទាប់ពីបែកធ្លាយវីដែអូឱបបុគ្គលិករបស់ខ្លួន ដែលនាំឲ្យផ្ទុះការជជែកវែកញែកពាសពេញបណ្តាញសង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអំឡុុងពេលនៃការប្រគុំតន្ត្រី Coldplay ក្នុងទីក្រុង Foxborough រដ្ឋ Massachusetts កាលពីថ្ងៃពុធសប្តាហ៍មុន លោក Byron ត្រូវបានគេប្រទះឃើញកំពុងឈរឱបគ្នា ជាមួយនារីម្នាក់ និងត្រូវបានថតជាប់នៅក្នុងកាមេរ៉ា Kiss cam ដែលត្រូវបានបង្ហាញឲ្យឃើញទៅកាន់មនុស្សរាប់ម៉ឺននាក់។

ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយ អ្នកនិយមលេងបណ្តាញអ៊ីនធឺណែត បានតាមរកឃើញថាស្ត្រីដែលនៅជាមួយលោក Byron នោះគឺជាប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន ដែលមានឈ្មោះថា Kristin Cabot ដោយចោទប្រកាន់ថាអ្នកទាំងពីរថាមានទំនាក់ទំនងស្នេហាលួចលាក់ ដោយសារតែពួកគេសុទ្ធសឹងតែមាន ប្តីនិងប្រពន្ធរៀងខ្លួន ទៅហើយ។

យ៉ាងណាមិញ បន្ទាប់ពីឃ្លីបវីអេដូនេះ ត្រូវបានបែកធ្លាយ លោក Byron ត្រូវបានដាក់ឲ្យសម្រាកពីការងារជាបណ្តោះអាសន្ន ដោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន និងបានបើកការស៊ើបអង្កេតផ្ទៃក្នុង។ ក្រោយមកលោក ក៏សម្រេចចិត្តលាលែងចេញពីតំណែង CEO ជាផ្លូវការតែម្តង៕​