លោក Andy Byron ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Astronomer បានប្រកាសលាលែងចេញពីតំណែងហើយ បន្ទាប់ពីបែកធ្លាយវីដែអូឱបបុគ្គលិករបស់ខ្លួន ដែលនាំឲ្យផ្ទុះការជជែកវែកញែកពាសពេញបណ្តាញសង្គម។

ក្នុងអំឡុុងពេលនៃការប្រគុំតន្ត្រី Coldplay ក្នុងទីក្រុង Foxborough រដ្ឋ Massachusetts កាលពីថ្ងៃពុធសប្តាហ៍មុន លោក Byron ត្រូវបានគេប្រទះឃើញកំពុងឈរឱបគ្នា ជាមួយនារីម្នាក់ និងត្រូវបានថតជាប់នៅក្នុងកាមេរ៉ា Kiss cam ដែលត្រូវបានបង្ហាញឲ្យឃើញទៅកាន់មនុស្សរាប់ម៉ឺននាក់។
ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយ អ្នកនិយមលេងបណ្តាញអ៊ីនធឺណែត បានតាមរកឃើញថាស្ត្រីដែលនៅជាមួយលោក Byron នោះគឺជាប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន ដែលមានឈ្មោះថា Kristin Cabot ដោយចោទប្រកាន់ថាអ្នកទាំងពីរថាមានទំនាក់ទំនងស្នេហាលួចលាក់ ដោយសារតែពួកគេសុទ្ធសឹងតែមាន ប្តីនិងប្រពន្ធរៀងខ្លួន ទៅហើយ។
យ៉ាងណាមិញ បន្ទាប់ពីឃ្លីបវីអេដូនេះ ត្រូវបានបែកធ្លាយ លោក Byron ត្រូវបានដាក់ឲ្យសម្រាកពីការងារជាបណ្តោះអាសន្ន ដោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន និងបានបើកការស៊ើបអង្កេតផ្ទៃក្នុង។ ក្រោយមកលោក ក៏សម្រេចចិត្តលាលែងចេញពីតំណែង CEO ជាផ្លូវការតែម្តង៕

