ប្រទេសចិន កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមបើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីដ៏ធំបំផុតមួយ នៅលើទន្លេដែលហូរកាត់តំបន់ទីបេ និងប្រទេសឥណ្ឌា ដោយរំពឹងថានឹងមានទំហំធំជាងទំនប់ Three Gorges ដែលបច្ចុប្បន្នត្រូវបានចាត់ទុកថាជាទំនប់វារីអគ្គិសនីធំជាងគេបំផុតលើពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងនៅទីក្រុង Linzhi តំបន់ទីបេនេះ ត្រូវបានចូលរួមដោយនាយករដ្ឋមន្ត្រីចិនលោក Li Qiang បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចអនុម័តគម្រោងនេះ ចាប់តាំងពីខែធ្នូ ឆ្នាំមុន ស្ថិតនៅលើទន្លេដែលត្រូវគេស្គាល់ថា Yarlung Zangpo នៅទីបេ និង Brahmaputra ក្នុងប្រទេសឥណ្ឌា។
យ៉ាងណាមិញ នៅពេលសាងសង់រួចរាល់ ទំបន់នេះអាចមានទំហំធំជាងទំនប់ Three Gorges ដែលនៅទន្លែ Yangtze ភាគកណ្តាលប្រទេសចិនទៅទៀត។ គម្រោងនេះរួមបញ្ចូលទាំងរោងចក្រវារីអគ្គិសនីចំនួន ៥ ដែលមានទុនវិនិយោគជាទឹកប្រាក់សរុបរហូតដល់ ១៦៧,១ពាន់លានដុល្លារ។
ជម្រាបជូន គម្រោងដ៏ធំបំផុតនេះផងដែរ អាចផលិតអគ្គិសនីសរុបបានជិត ៣០០ ពាន់លានគីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ ពោលគឺច្រើនជាងបីដង បើធៀបទៅនឹងទំនប់ Three Gorges ដែលបច្ចុប្បន្នមានសមត្ថភាពផលិតអគ្គិសនីបានច្រើនបំផុតលើពិភពលោក រហូតដល់ ៨៨,២ពាន់លានគីឡូវ៉ាត់ម៉ោង៕

