ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមន្ទីររៀបចំដែនដីខេត្តរតនគិរី និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន២ឃុំ ក្នុងស្រុកបរកែវ ចំនួន ១៦៥៧ប័ណ្ណ។

អគាររដ្ឋបាល នៃមន្ទីររៀបចំដែនដីខេត្តរតនគិរី ត្រូវបានជួសជុលកែលម្អពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ រយៈពេល៦ឆ្នាំ។ អគារនេះមានកម្ពស់ ២ជាន់ ដែលមានទំហំ ១៧,៥ ម៉ែត្រ គុណនឹង ២៤ ម៉ែត្រ, កម្ពស់សរុប ១៣,៩ ម៉ែត្រ ចែកចេញ ជាជាន់ផ្ទាល់ដីមាន៤បន្ទប់ និងជាន់ទី១ មានបន្ទប់ធ្វើការចំនួន២បន្ទប់ និងសាលប្រជុំចំនួន១។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តរតនគីរី មន្ត្រីរាជការ កងកម្លាំងនិងមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅពេលនេះ។ ឯកឧត្តម បន្តថា ការចុះបញ្ជីដីបង្ហើយ គឺដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងថែមទាំងរួមចំណែកបង្កើនចំណូលថវិកាជាតិផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានផ្តាំផ្ញើបងប្អូនទាំងអស់ សូមថែរក្សានិងប្រើប្រាស់បណ្ណដែលទទួលបាននាពេលនេះឱ្យបានត្រឹមត្រូវ ដែលជាទ្រព្យសម្បត្តិធ្វើឱ្យបងប្អូនរីកចម្រើនក្នុងជីវិត និងបន្សល់ជាមរតកបន្តជំនាន់។
សូមគូសបញ្ជាក់ថា ខេត្តរនគីរី គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង៣ រួមមាន៖ ខេត្តរតនគីរី ខេត្តកំពង់ធំ និងខេត្តកោះកុង ដែលបាននិងកំពុងតែវាស់វែងបញ្ចប់៕














