ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រេចបើកកិច្ចប្រជុំបន្ទាន់ពីជម្លោះកម្ពុជា-ថៃ នៅថ្ងៃនេះ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) បានសម្រេចកោះប្រជុំបន្ទាន់ ពិភាក្សាលើការវាយប្រហារគ្នារវាងកម្ពុជា-ថៃ ដែលនឹងប្រព្រឹត្តទៅនៅក្នុងថ្ងៃសុក្រនេះ។នេះបើយោងតាមការចេញផ្សាយយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះ។ កិច្ចប្រជុំបន្ទាន់នេះ ធ្វើឡើងតាមការស្នើសុំរបស់នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

AFP បានឱ្យដឹងថា ការសម្រេចកោះប្រជុំនេះ ត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បញ្ជាក់ថា គឺធ្វើឡើងតាមសំណើរបស់កម្ពុជា ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការកើតឡើងនៃជម្លោះព្រំដែនកម្ពុជា-ថៃ នៅថ្ងៃសុក្រ ម៉ោង៣រសៀលនៅទីក្រុងញូយ៉ក ត្រូវនឹងម៉ោង២ទៀបភ្លឺ ថ្ងៃសៅរ៍ទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានលិខិតផ្ញើជូន លោក Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដា ឆ្នាំ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតីភាពរបស់កម្ពុជា៕ អត្ថបទ៖ ហ្សាលីន