អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការពង្រីកការវាយប្រហាររបស់យោធាថៃមកលើកម្ពុជាចេញពីតំបន់មានទំនាស់ មកកាន់តំបន់គ្មានទំនាស់ បង្ហាញពីមហិច្ឆតាឈ្លានពានដោយគ្រោងទុករបស់ថៃ

សង្គម​ និង​សេដ្ឋកិច្ច

លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ការពង្រីកការវាយប្រហាររបស់យោធាថៃមកលើកម្ពុជាចេញពីតំបន់មានទំនាស់ មកតំបន់គ្មានទំនាស់ ជាការបង្ហាញពីចេតនាឈ្លានពានទឹកដីកម្ពុជាទាំងមូលដែលមានការគ្រោងទុកយ៉ាងជាក់លាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យបានលើកឡើងថា «ជាចុងក្រោយនេះខ្ញុំសូមបញ្ជាក់ជូនសាធារណមតិជាតិនិងអន្តរជាតិថា ថៃដែលបានពង្រីកការវាយប្រហារមកលើកម្ពុជា ដោយពង្រីកចេញពីកន្លែងទំនាស់ទៅកាន់តំបន់ផ្សេងៗទៀតនៅតាមបណ្ដោយព្រំដែនដែលមិនមានទំនាស់ នេះបង្ហាញពីចេតនាឈ្លានពានទឹកដីកម្ពុជាទាំងមូលដែលមានការគ្រោងទុកយ៉ាងជាក់លាក់។ សូមប្រជាពលរដ្ឋខ្មែរគ្រប់រូប សាធារណមតិអន្តរជាតិពិនិត្យតាមដានរឿងនេះ ពីព្រោះវាជាបំណងប្រាថ្នា មហិច្ឆតា ឈ្លានពានទឹកដីកម្ពុជាយ៉ាងពិតប្រាកដ»។

អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានសង្កត់ធ្ងន់ថា នេះជាថ្ងៃទី៣ហើយនៃការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ក្រោយពីយោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាមាន់ធំនៅវេលាម៉ោង ៨:៤៦ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជាបានប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ៕