ក្រសួងមហាផ្ទៃ បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រើប្រាស់សិទ្ធិស្របច្បាប់ការពារខ្លួនក្នុងដែនអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជា ប្រឆាំងនឹងការឈ្លានពានពីសំណាក់កងទ័ពថៃ។

យោងតាមញត្ដិគាំទ្ររបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ បានសម្តែងនូវការគោរព ដឹងគុណចំពោះវីរភាពរបស់កងទ័ពជួរមុខកម្ពុជា ដែលបាន និងកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញ អង់អាចមោះមុត ប្រឆាំងតទល់នឹងការឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបើកការវាយប្រហារមកលើកងទ័ពកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងបន្តពង្រីកការវាយប្រហារ ឈ្លានពាននៅតាមភូមិសាស្ត្រផ្សេងៗទៀតរហូតមកដល់ពេលនេះ ដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ។
ទន្ទឹមនឹងនោះ ក្រសួងមហាផ្ទៃ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើឈ្លានពាន និងការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ ព្រមទាំងយុទ្ធោបករណ៍ដែលត្រូវបានហាមប្រាមដោយអនុសញ្ញាអន្តរជាតិពីសំណាក់កម្លាំង ប្រដាប់អាវុធរបស់ថៃ មកលើជនស៊ីវិល និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា ដែលអំពើទាំងនេះប្រាសចាកពីគោលការណ៍ច្បាប់អន្តរជាតិ ព្រមទាំងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ។
ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសរួបរួមគ្នាជាធ្លុងមួយ គាំទ្រ និងផ្តល់ការជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាកម្លាំងជំរុញទឹកចិត្តបន្តដឹកនាំកងទ័ពដ៏អង់អាចរបស់កម្ពុជា ការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន និងបានអំពាវនាវដល់សហគមន៍អន្តរជាតិ ថ្កោលទោសចំពោះអំពើឃោរឃៅ និងរំលោភបំពានរបស់កងទ័ពថៃមកលើប្រទេសកម្ពុជា និង មហន្តរាយទាំងឡាយដែលបង្កឡើងដោយអំពើឈ្លានពាននេះ ។
ជាមួយគ្នានោះផងដែរ ក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងនៅគ្រប់ទិសទីបន្តគាំទ្រ និងជឿជាក់មកលើគោលនយោបាយរបស់ សម្តេចតេជោ ហ៊ុន សែន និងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដ៏ឈ្លាសវៃស្វាហាប់ ក្នុងការបន្តថែរក្សា និងការពាររឹងមាំនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដី ក្រោម ព្រះបារមីដ៏ពិសិដ្ឋនៃព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជារាស្ត្រខ្មែរ ៕


