ធនាគារជាតិនៃកម្ពុជា បានសម្រេចផ្អាកសេវាកម្មធនាគារព្រីនស៍ ម.ក

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារព្រីនស៍ ម.ក ត្រូវបានធនាគារជាតិនៃកម្ពុជាដាក់ឱ្យជម្រះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ដោយធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អឹមទេអេ អឌិត-អ៊ីខោនចឹង ឯ.ក (Morisonkak MKA audit- accounting Co., Ltd)” ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍ ម.ក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា  ធនាគារព្រីនស៍ ម.ក ត្រូវបានផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន។ ក្រុមហ៊ុនម៉ូរីសុនកាក់ អឹមខេអេ អនីត-អ៊ីខោនពឹង ឯ.ក នឹងទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែងលើ រាល់ប្រតិបត្តិការនិងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ ម.ក ចាប់ពីពេលជូនដំណឹងនេះតទៅ។

ធនាគារជាតិបានបន្ថែមថា ចំពោះអតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារព្រីនស៍ ម.ក គឺអាចទៅដកប្រាក់បានធម្មតា ដោយត្រូវរៀបចំឯកសារដើម្បីដកប្រាក់បញ្ញើ ដែលនឹងមានការចាត់ចែងជូនទៅតាមលំដាប់អាទិភាព ស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ទន្ទឹមនេះ ចំពោះអ្នកខ្ចីប្រាក់ពីធនាគារព្រីនស៍ ម.ក គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី។

សូមបញ្ជាក់ថា ការសម្រេចដាក់ឱ្យជម្រះបញ្ជីធនាគារព្រីនស៍ ម.ក បន្ទាប់ពីពេលថ្មីៗនេះ សមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ខ្លួនពលរដ្ឋចិន ចំនួន៣នាក់ រួមមាន អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ព្រមទាំងពលរដ្ឋចិន២រូបទៀត។ ការចាប់ខ្លួននេះគឺមានការពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្រោយសមត្ថកិច្ច​កម្ពុជា និងសមត្ថកិច្ចចិន បានសហការស៊ើបអង្កេតរួមគ្នា អស់រយៈពេលជាច្រើនខែ៕