កម្ពុជា-កូរ៉េ បើកកិច្ចសន្ទនាលើកទី៣ ដើម្បីដោះស្រាយបញ្ហាកង្វល់របស់វិនិយោគិនកូរ៉េនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-កូរ៉េ បើកកិច្ចសន្ទនាលើកទី៣ ដើម្បីដោះស្រាយបញ្ហាកង្វល់របស់វិនិយោគិនកូរ៉េនៅកម្ពុជា សំដៅឈានទៅបង្កើនភាពបត់បែនដល់ធុរកិច្ចកូរ៉េនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-កូរ៉េ បានធ្វើឡើងកាលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយ លោកKIM Changyong ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា។កិច្ចសន្ទនានេះ

ក៏មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ថ្នាក់ដឹកនាំទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ព្រមទាំងតំណាងសមាគមធុរកិច្ច និងវិស័យឯកជនកូរ៉េយ៉ាងច្រើនកុះករ។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានឱ្យសឹងថា កិច្ចសន្ទនានេះមិនមែនត្រឹមតែជាវេទិកាពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែគឺជាយន្តការការងារជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយរួមគ្នាចំពោះករណីអាទិភាពនានា សំដៅបង្កលក្ខណៈងាយស្រួល និងបង្កើនភាពបត់បែនដល់ធុរកិច្ចកូរ៉េនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

កិច្ចសន្ទនានេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នាខ្ពស់ ដោយបានផ្តោតលើការដោះស្រាយបញ្ហាដែលជាកង្វល់របស់វិនិយោគិនកូរ៉េ សំដៅរួមចំណែកក្នុងការលើកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសកូរ៉េឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប លោក KIM Changyong បានបង្ហាញសុឆន្ទៈក្នុងការរួមគ្នាពិនិត្យ និងពិភាក្សាស្វែងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាប្រឈមនានាដែលវិនិយោគិនកូរ៉េបានលើកឡើង ខណៈលោកថា វេទិកានេះ ផ្ដល់ឱកាសឱ្យភាគីរដ្ឋ និងឯកជន អាចជជែកពិភាក្សាក្រៅផ្លូវការបានយ៉ាងស៊ីជម្រៅ និងត្រង់ទៅត្រង់មកអំពីបញ្ហាប្រឈមជាក់ស្តែង។

ស្របពេលដែលស្ថានការណ៍តំបន់ និងសកលលោកកំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជា និងមានការផ្លាស់ប្តូរឥតឈប់ឈរ កម្ពុជា-កូរ៉េ ក៏បានឯកភាពគ្នាថា ទាំងផ្នែករដ្ឋនិងឯកជន ចាំបាច់ត្រូវមានកិច្ចសហការស្អិតល្មួតបំផុត ដើម្បីប្រែក្លាយបញ្ហាប្រឈមទាំងឡាយឱ្យទៅជាកាលានុវត្តភាព។ ការប្តេជ្ញាចិត្តរួមគ្នានេះ នឹងក្លាយជាសក្ខីកម្មដ៏រឹងមាំក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច កម្ពុជា-កូរ៉េ ឱ្យឈានដល់កម្រិតថ្មីមួយទៀតដែលហុចផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៕ អត្ថបទ៖ហ្សាលីន