អង្គការ ILO សរសើរកម្ពុជាចំពោះវឌ្ឍនភាពនៃការអនុវត្តកម្មវិធី «ការងារសមរម្យនៅកម្ពុជា»

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ បានកោតសរសើរកម្ពុជាចំពោះវឌ្ឍនភាពនៃការអនុវត្តកម្មវិធី «ការងារសមរម្យ និងគម្រោងកាតាលីករសកល» របស់អង្គការសហប្រជាជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី លើកឡើងបែបនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួង។ ជំនួបនេះផ្តោតសំខាន់លើវឌ្ឍនភាពការងារនៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់លើការស្វែងរកឱកាសអនុវត្តគម្រោង និងគំនិតផ្តួចផ្តើម ក្នុងទិសដៅអភិវឌ្ឍធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលជំនាញស្របតាមតម្រូវការទីផ្សារដែលកំពុងតែវិវត្ត។

ក្នុងឱកាសនោះ លោកស្រី ស៊ាវយៀន ឈាន បានកត់សម្គាល់លើវឌ្ឍនភាពដ៏ធំធេងនៃកម្មវិធី “ការងារសមរម្យ” នៅកម្ពុជា ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំង មិនត្រឹមតែ ILO នោះទេ សូម្បីតែអ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មី ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលទ្ធផលដ៏ល្អនេះផងដែរ។ លោកស្រី មានសេចក្តីរីករាយយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃការអនុវត្តគម្រោងកាតាលីករសកល (Global Accelerator)របស់កម្ពុជា ដែលតាមរយៈនេះអាចទាក់ទាញដៃគូអភិវឌ្ឍន៍ឱ្យចូលរួមថែមទៀត។

លោកស្រី ក៏ថ្លែងអំណរគុណចំពោះជំនឿទុកចិត្ត ការគាំទ្រ និងកិច្ចសហការរបស់ក្រសួងការងារ ហើយសង្ឃឹមថា ឯកឧត្តមរដ្ឋមន្រ្តីអាចនឹងអញ្ជើញចូលរួមចែករំលែកបទពិសោធបន្ថែមនៅកម្រិតសកល ឬកម្រិតអង្គការសហប្រជាជាតិ «អំពីការអនុវត្តគម្រោងកាតាលីករសកល» ព្រោះនេះជាការងារដែលមូលនិធិគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG Fund) ចង់សម្រេចបាន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ហេង សួរ បានថ្លែងអំណរគុណគាំទ្រដ៏យូរអង្វែងរបស់អង្គការ ILO ដល់ភាពជាដៃគូដ៏រឹងមាំជាមួយកម្ពុជា ដោយឯកឧត្តមបានគូសបញ្ចាក់ពីកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់ ក្រោមកម្មវិធីភាពជាដៃគូរបស់ ILO-ចិន ជាពិសេសក្នុងការជំរុញការអភិវឌ្ឍជំនាញ និងប្រព័ន្ធ TVET ការលើកកម្ពស់យុត្តិធម៌សង្គម សិទ្ធិការងារ និងការងារសមរម្យនៅកម្ពុជាផងដែរ។

លោកក៏បានបញ្ជាក់ថា តាំងពីដើមរៀងមក កម្ពុជាបានប្តេជ្ញាចិត្តថានឹងខិតខំអនុវត្ត GA ដើម្បីក្លាយជាប្រទេសមួយក្នុងចំណោម ប្រទេស “ជើងឯក Champions” ហើយកម្ពុជានឹងបន្តមានតួនាទីយ៉ាងសកម្មក្នុងការចូលរួមគ្រប់កម្រិតនៃសកម្មភាពពាក់ព័ន្ធ រួមទាំងលើឆាកអន្តរជាតិ ការចែករំលែកបទពិសោធល្អៗ និងការផ្តល់មតិយោបល់ផ្សេងៗ។

សូមជម្រាប់ដែរថា តាមរយៈជំនួបខាងលើ ភាគីទាំងពីរក៏បានពិភាក្សាគ្នាពីវឌ្ឍនភាពនៃដំណើរការរៀបចំការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន (RPL) ជូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់បងប្អូនអតីតពលករមកពីប្រទេសថៃ និងការពង្រឹងក្រុមប្រឹក្សាជំនាញតាមវិស័យ(SSC) ដើម្បីពង្រឹងការអភិវឌ្ឍជំនាញឱ្យស្របតាមទីផ្សារការងារផងដែរ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាលើការបន្ត និងជំរុញកិច្ចសហការប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ ដែលផ្តល់មូលនិធិដោយ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA) និងអំពីកម្មវិធីប្រគល់ឯកសារស្តង់ដាវិជ្ជាជីវៈថ្នាក់ជាតិ និងសៀវភៅណែនាំពីការបណ្តុះបណ្តាល ដែលជាអំណោយរបស់ប្រទេសចិន នៅក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: នាខែមិថុនាខាងមុខនេះផងដែរ។

កម្ពុជាស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមថ្មីៗទាំងនេះ ដែលនឹងអាចរួមចំណែកដល់ការពង្រឹងការអភិវឌ្ឍកម្មវិធីសិក្សា និងការលើកកម្ពស់ជំនាញនៅកម្ពុជាបន្ថែមទៀត ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការគោរពគោលការណ៍ ILO និងស្តង់ដាការងារអន្តរជាតិ ហើយបានត្រៀមខ្លួនជានិច្ចក្នុងការបន្តកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត៕ អត្ថបទ៖ហ្សាលីន