អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីពេលថ្មីៗនេះ បានចូលរួមជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការជំរុញឲ្យភាគីកម្ពុជា-ថៃ ឈានដល់បទឈប់បាញ់ជាបន្ទាន់មួយ នៅក្នុងជម្លោះព្រំដែនដែលកំពុងបន្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua។

បើតាមលោក Farhan Haq អ្នកនាំពាក្យរងរបស់ប្រធានអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Guterres ជំរុញឲ្យភាគីទាំងពីរយល់ព្រមជាបន្ទាន់ចំពោះបទឈប់បាញ់ និងដោះស្រាយបញ្ហាណាមួយតាមរយៈការសន្ទនា ក្នុងគោលបំណងស្វែងរកដំណោះស្រាយយូរអង្វែងចំពោះជម្លោះដែលកំពុងផ្ទុះឡើងនាពេលបច្ចុប្បន្ន។
មិនតែប៉ុណ្ណោះ លោក Guterres ក៏បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តការប៉ះទង្គិចប្រដាប់អាវុធ នៅតាមព្រំដែនរវាងកម្ពុជា និងថៃ គិតចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា មក។
អគ្គលេខាធិការអង្គការសហប្រជាជាតិ បានធ្វើការថ្កោលទោសចំពោះសោកនាដកម្ម និងការបាត់បង់ជីវិត ក៏ដូចជាការទទួលរបួសរបស់ជនស៊ីវិល ការខូចខាតផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធទាំងសងខាង ដែលបង្កឡើងដោយជម្លោះនេះ។ លោក Guterres ក៏បានសង្កត់ធ្ងន់ថា លោកនៅតែមានលទ្ធភាពជួយក្នុងកិច្ចខិតខំប្រឹងប្រែងណាមួយ ដើម្បីឆ្ពោះទៅរកដំណោះស្រាយជម្លោះដោយសន្តិវិធី”។
ជម្រាបជូនផងដែរថា នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social កាលពីយប់ថ្ងៃសៅរ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បាននិយាយផងដែរថា លោកបានពិភាក្សាជាមួយនាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីស្តីទីនៃប្រទេសថៃ ដើម្បីស្នើសុំបទឈប់បាញ់ជាបន្ទាន់មួយ រវាងប្រទេសទាំងពីរ៕

