ប្រមុខអង្គការសហប្រជាជាតិ ជំរុញឲ្យមានបទឈប់បាញ់ជាបន្ទាន់ ក្នុងជម្លោះកម្ពុជា-ថៃ

អន្តរជាតិ

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីពេលថ្មីៗនេះ បានចូលរួមជាមួយប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ ក្នុងការជំរុញឲ្យភាគីកម្ពុជា-ថៃ ឈានដល់បទឈប់បាញ់ជាបន្ទាន់មួយ នៅក្នុងជម្លោះព្រំដែនដែលកំពុងបន្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោក Farhan Haq អ្នកនាំពាក្យរងរបស់ប្រធានអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Guterres ជំរុញឲ្យភាគីទាំងពីរយល់ព្រមជាបន្ទាន់ចំពោះបទឈប់បាញ់ និងដោះស្រាយបញ្ហាណាមួយតាមរយៈការសន្ទនា ក្នុងគោលបំណងស្វែងរកដំណោះស្រាយយូរអង្វែងចំពោះជម្លោះដែលកំពុងផ្ទុះឡើងនាពេលបច្ចុប្បន្ន។

មិនតែប៉ុណ្ណោះ លោក Guterres ក៏បានបង្ហាញពី​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បន្ត​ការ​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ​ នៅ​តាម​ព្រំដែន​រវាង​កម្ពុជា និង​ថៃ គិតចាប់​តាំង​ពី​ថ្ងៃ​ទី២៤ ខែ​កក្កដា មក។

អគ្គលេខាធិការអង្គការសហប្រជាជាតិ បានធ្វើការថ្កោលទោសចំពោះសោកនាដកម្ម និងការបាត់បង់ជីវិត ក៏ដូចជាការទទួលរបួសរបស់ជនស៊ីវិល ការខូចខាតផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធទាំងសងខាង ដែលបង្កឡើងដោយជម្លោះនេះ។ លោក Guterres ក៏បានសង្កត់ធ្ងន់ថា លោកនៅតែមានលទ្ធភាពជួយក្នុងកិច្ចខិតខំប្រឹងប្រែងណាមួយ ដើម្បីឆ្ពោះទៅរកដំណោះស្រាយជម្លោះដោយសន្តិវិធី”។

ជម្រាបជូនផងដែរថា​ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social កាលពីយប់ថ្ងៃសៅរ៍ ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ ក៏បាននិយាយផងដែរថា លោកបានពិភាក្សាជាមួយនាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីស្តីទីនៃប្រទេសថៃ ដើម្បីស្នើសុំបទឈប់បាញ់ជាបន្ទាន់មួយ រវាងប្រទេសទាំងពីរ៕