នៅថ្ងៃស្អែកនេះ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជានឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន។ នេះបើតាមការឱ្យដឹងពីសម្ដេចធិបតី នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នាយប់ថ្ងៃទី២៧ ខែកក្កដានេះ។

សម្ដេចធិបតី បានសង្កត់ធ្ងន់ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីយប់ម្សិលមិញ។
ទន្ទឹមនឹងនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលឱ្យមានកិច្ចប្រជុំនេះ៕


