ក្រុមហ៊ុន PICG ទទួលសិទ្ធផ្ដាច់មុខសំបកកង់ឡានខ្មែរមុនគេ​ និងធំជាងគេនៅកម្ពុជា និងក្រុមហ៊ុនប្រេងដ៏ល្បីល្បាញបំផុតក្នុងលោក ចូលរួមបរិច្ចាគថវិកា១ម៉ឺនដុល្លារដល់វីរកងទ័ពខ្មែរ ព្រមទាំងបង្កើត «មូលនិធិជួយកងទ័ពខ្មែរជួរមុខដ៏អង់អាច»

សង្គម​ និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃចន្ទទី ២៨ ខែកក្កដា ឆ្នាំ ២០២៥នេះ ក្រុមហ៊ុន PICG ទទួលសិទ្ធផ្ដាច់មុខផ្គត់ផ្គង់និងចែកចាយសំបកកង់ឡានខ្មែរ ​​និងប្រេងរំអិលម៉ាក ប៉េត្រូណាស់ បានប្រកាសចូលរួមបរិច្ចាគថវិកា ១ម៉ឺនដុល្លារ ដល់វីរកងទ័ពខ្មែរ ព្រមទាំងបានបង្កើត «មូលនិធិជួយដល់កងទ័ពខ្មែរជួរមុខដ៏អង់អាច» ដើម្បីជួយទ្រទ្រង់ដល់វីរកងទ័ពកម្ពុជា កំពុងឈរជើងយ៉ាងស្វាហាប់ក្នុងការពារដែនអធិបតេយ្យភាពនិងជនភៀសសឹកកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិនៃក្រុមហ៊ុន PICG ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខនូវផលិតផលសំបកកង់ឡានខ្មែរ និងប្រេងរំអិល ប៉េត្រូណាស់ នៅកម្ពុជា បញ្ជាក់ប្រាប់សារព័ត៌មាន ឧកញ៉ាញូស៍ថា៖ “នៅថ្ងៃនេះក្រុមហ៊ុន PICG សម្រេចប្រកាសជាសាធារៈបង្កើតមូលនិធិជួយដល់កងទ័ពខ្មែរជួរមុខដ៏អង់អាច។ ជាមួយគ្នានោះដែរ ក្រុមហ៊ុន PICG ជាម្ចាស់មូលនិធិ ក៏បានបរិច្ចាគជាទឹកប្រាក់ចំនួន 10,000 ដុល្លារអាមេរិក (១ម៉ឺនដុល្លារ) មុនរួចជាស្រេច។”

ការចូលរួមឧបត្ថម្ភថវិការបស់ក្រុមហ៊ុន PICG ទទួលសិទិ្ធចែកចាយផ្តាច់មុខនូវផលិតផលសំបកកង់ឡានខ្មែរ ក្នុងគ្រាដ៏លំបាកនេះជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕