អភិបាលខេត្តបាត់ដំបង បង្ហាញសក្តានុពលកាន់វិនិយោគិនចិន ក្នុងឱកាសវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ដើម្បីនាំចេញទៅក្រៅប្រទេស

សង្គម​និង​សេដ្ឋកិច្ច

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហាញពីសក្តានុពលខេត្តបាត់ដំបងទៅកាន់វិនិយោគិនចិន ក្នុងការវិនិយោគលើផ្នែកកសិ-ឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មកែច្នៃ ដើម្បីនាំចេញទៅក្រៅប្រទេស។លោក លើកឡើងបែបនេះនៅក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង និងគណៈប្រតិភូវិនិយោគិនមកពីប្រទេសចិន ដឹកនាំដោយលោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសនោះ លោក ដួង តារា បានឱ្យដឹងថា ក្រុមវិនិយោគិន នឹងមកធ្វើការស្វែងយល់អំពីសក្ដានុពលនៅក្នុងខេត្តបាត់ដំបង ដើម្បីផ្ដល់ជាធាតុចូលនៃចំណេះដឹង ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យនានានៅក្នុងខេត្តបាត់ដំបង ដោយសារតែខេត្តបាត់ដំបងគឺជាខេត្តគោលដៅដ៏សំខាន់មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ និងភ្ជាប់ទៅកាន់តំបន់សំខាន់ៗនៅក្នុងប្រទេសបានយ៉ាងល្អប្រសើរផងដែរ។

ជាមួយគ្នានោះ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា បាត់ដំបង ជាខេត្តដែលមានសក្ដានុពលខ្លាំងលើវិស័យកសិកម្ម ហើយខេត្តមួយនេះ កំពុងមានតម្រូវការជាច្រើនខាងផ្នែកនេះ ដោយទាមទារឱ្យវិនិយោគិនក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផលកសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃអស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារបណ្ដាលឱ្យមានការធ្លាក់ថ្លៃចុះ។

បន្ថែមពីនោះ អភិបាលខេត្តបាត់ដំបង សង្ឈឹមថាបន្ទាប់ពីការសិក្សាស្វែងយល់អំពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបងបានចប់រួចរាល់ គម្រោងទាំងអស់នេះនឹងដំណើរការឆាប់ៗដែលអាចផ្តល់ផលប្រយោជន៍ច្រើនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងផងដែរ៕