អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ បុគ្គលណាលក់ខ្លួនឱ្យថៃ ដែលកំពុងឈ្លានពានកម្ពុជា ជនក្បត់ជាតិទាំងនោះ នឹងត្រូវ«ដកសញ្ជាតិខ្មែរ»

សង្គម​ និង​សេដ្ឋកិច្ច

លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា បុគ្គលណាលក់ខ្លួនឱ្យថៃ ដែលកំពុងឈ្លានពានកម្ពុជា នឹងត្រូវ«ដកសញ្ជាតិខ្មែរ» ស្របតាមច្បាប់ជាធរមាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្ដីប្រកាសដំណឹងរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ទូច សុខៈ បានលើកឡើយថា ដោយសង្កេតឃើញថា សមត្ថកិច្ចចាប់បានបុគ្គលមួយចំនួនជាបន្តបន្ទាប់ លក់ខ្លួនឱ្យប្រទេសថៃដែលកំពុងឈ្លានពានកម្ពុជា យើងខ្ញុំសូមប្រកាសយ៉ាងដាច់អហង្កាថា សមត្ថកិច្ចនឹងមិនអត់​ឱនឱ្យបុគ្គលទាំងឡាយណា ដែលប្រព្រឹត្តិអំពើក្បត់ជាតិឯងនោះទេ។

ទន្ទឹមនឹងនោះ សម្រាប់ជនដែលបានក្បត់ជាតិលក់ខ្លួនឱ្យថៃ សមត្ថកិច្ចនឹងអនុវត្ដតាមច្បាប់ដូចខាងក្រោម៖

១.ការត្រូវរ៉ូវគ្នាជាមួយបរទេស បង្កើតឱ្យមានការប្រទូសរ៉ាយ ឬនាំឱ្យមានអំពើឈ្លានពានកម្ពុជា ត្រូវផ្ដន្ទាទោស ពី១៥ឆ្នាំទៅ៣០ឆ្នាំ។

២.អំពើប្រគល់ ឬធ្វើឱ្យងាយស្រួលធ្លាក់ព័ត៌មានដល់ដៃបរទេស ត្រូវផ្ដន្ទាទោស ពី៧ឆ្នាំទៅ១៥ឆ្នាំ។

៣.ការទទួល ឬប្រមូលផ្ដុំព័ត៌មានផ្សេងៗផ្ដល់ឱ្យបរទេស ត្រូវផ្ដន្ទាទោស ពី៥ឆ្នាំទៅ១០ឆ្នាំ។

៤.ការប្រព្រឹត្តិអំពើហិង្សានាំឱ្យគ្រោះថ្នាក់ដល់ស្ថាប័នរដ្ឋ ឬនាំឱ្យប៉ះពាល់ដល់បូរណភាពដែនដីកម្ពុជា ត្រូវផ្ដន្ទាទោស ពី១៥ឆ្នាំទៅ៣០ឆ្នាំ។

ក្រៅពីការផ្ទន្ទាទោសដូចខាងលើ គ្រប់ជនក្បត់ជាតិ នឹងត្រូវ«ដកសញ្ជាតិខ្មែរ» ស្របតាមច្បាប់ជាធរមាន។

អ្នកនាំពាក្យក្រសួងមហាផ្ទៃសង្ឃឹមថា បងប្អូនមួយចំនួន ដែលលង់ខ្លួនចាញ់ឧបាញកលរបស់បរទេសឈ្លានពាន ភ្ញាក់រលឹកមានមនសិការ ឡើងវិញ និងបញ្ឈប់ជាបន្ទាន់រាល់អំពើក្បត់ជាតិ៕