លោក Bernard Arnualt ប្រធានក្រុមហ៊ុនលក់ទំនិញប្រណីតលំដាប់កំពូលរបស់ពិភពលោក LVMH ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតនៅក្នុងការពិភាក្សាជាមួយក្រុមហ៊ុនជាច្រើន ដើម្បីលក់ម៉ាកយីហោ Marc Jacobs របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលនេះ បានឲ្យដឹងទៀតថា ក្រុមហ៊ុនដែលដឹកនាំដោយមហាសេដ្ឋីមានដាច់គេនៅអឺរ៉ុប បាននិងកំពុងពិភាក្សាជាមួយអ្នកទិញដ៏មានសក្កានុពលជាច្រើន រួមទាំងក្រុមហ៊ុនខ្នាតយក្ស Authentic Brands Group និង WHP Global ផងដែរ។
ដោយឡែកក្រុមហ៊ុន Brookstone ដែលជាម្ចាស់របស់ Bluestar Alliance ក៏ត្រូវបានគេដឹងថាស្ថិតនៅក្នុងចំណោមអ្នកដាក់សំណើទិញយក Marc Jacors ផងដែរ សម្រាប់កិច្ចព្រមព្រៀងមួយដែលមានតម្លៃប្រហែល ១ពាន់លានដុល្លារ ។ នេះបើតាមអ្វីដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន Wall Street Journal ពីមុន។
ជម្រាបជូនផងដែរថា ដោយត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៨៤ ដោយអ្នករចនាម៉ូដដ៏ល្បីល្បាញជនជាតិអាមេរិក Marc Jacobs ម៉ាកយីហោដ៏ប្រណីតនេះ ត្រូវទទួលស្គាល់យ៉ាងទូលំទូលាយ ចំពោះការរចនាបែបចម្រុះ និងស៊ីវីល័យទាក់ទាញបំផុត។ នៅឆ្នាំ ១៩៩៧ ក្រុមហ៊ុន LVMH ក៏បានជ្រើសរើសលោក Jacobs ឲ្យមកដឹកនាំម៉ាកយីហោ Louis Vuitton របស់ខ្លួន ហើយក្រោយមកក៏បានសម្រេចទិញយកភាគហ៊ុនរបស់ម៉ាកយីហោ Marc Jacobs មកគ្រប់គ្រងតែម្តង៕

