អ្នកឧកញ៉ា ជាម ឃុនណាត ប្រធាន ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុរី មេគង្គលែន និង ក្រុមហ៊ុន ខេ អិន អិន គ្រុប បានចូលរួមបំពេញបុព្វហេតុ មនុស្សធម៌ ដោយឧបត្ថម្ភថវិកា ចំនួន ៥៣,៦១១ ដុល្លារ(ប្រាំម៉ឺនបីពាន់ប្រាំមួយរយដប់មួយដុល្លារអាមេរិក) និង៥០លានរៀល ជូនដល់វីរៈកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ការឧបត្ថម្ភរបស់អ្នកឧកញ៉ា គឺចេញពីទឹកចិត្តស្រឡាញ់ និងស្នេហាជាតិមាតុភូមិ ជាពិសេសគឺការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីតទល់នឹងសត្រូវឈ្លានពាន រួមជាមួយនឹងប្រជាពលរដ្ឋភៀសសឹក ការចូលរួមនេះបង្ហាញពីស្មារតីរួមគ្នាក្នុងការការពារជាតិ និងជាកំលាំងជម្រុញដល់វីរៈកងទ័ពជួរមុខកម្ពុជាយើង។
សូមបញ្ជាក់ថា ការឧបត្ថម្ភថវិកាចំនួន ៥៣,៦១១ ដុល្លារ(ប្រាំម៉ឺនបីពាន់ប្រាំមួយរយដប់មួយដុល្លារអាមេរិក) និង៥០លានរៀល របស់អ្នកឧកញ៉ា ជាម ឃុនណាត ធ្វើឡើងចំនួន៣លើក។ ក្នុងនោះ ឧបត្ថម្ភដល់កងទ័ពជួរមុខចំនួន ៥០,០០០ ដុល្លារ, ឧបត្ថម្ភដល់មូលនិធិ ទ្រទ្រង់កងទ័ពការពារជាតិកម្ពុជាចំនួន៤០លានរៀល និង ១,១១១ដុល្លារ និងឧបត្ថម្ភដល់សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស ចំនួន២,៥០០ដុល្លារ។
សូមជម្រាបជូនថា អ្នកឧកញ៉ា ជាម ឃុនណាត កន្លងមកតែងតែបរិច្ចាគ ឧបត្ថម្ភ និងគាំទ្រ ដល់យុទ្ធនាការផ្សេងៗរបស់ រាជរដ្ឋាភិបាល ក៏ដូចជាកិច្ចការងារមនុស្សធម៌ ជួយដល់សង្គមផ្សេងៗនិងកម្មវិធីសប្បុរសជាច្រើនទៀតផងដែរ៕


