ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៩ ខែកក្កដា បានគំរាមដំឡើងពន្ធលើការនាំចូលរបស់ឥណ្ឌា កម្រិតខ្ពស់រហូតដល់ ២៥% ប្រសិនបើប្រទេសសម្ព័ន្ធរបស់ខ្លួនមួយនេះ មិនអាចបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបន្តចរចាមកអស់ពេលជាយូរមកហើយនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

នៅពេលត្រូវបានសួរនាំដោយអ្នកសារព័ត៌មានថា ឥណ្ឌាអាចនឹងត្រូវបង់ពន្ធចន្លោះពី ២០% ទៅ ២៥% ឬទេ លោក ត្រាំ បានបញ្ជាក់ថា៖” ពួកគេនឹងត្រូវបង់ ២៥%។ ខ្ញុំគិតថាវាគួរតែអញ្ជឹង។ ពួកគេជាមិត្តរបស់យើង”។
យ៉ាងណាមិញ តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បាននិយាយប្រាប់ទៅកាន់សារព័ត៌មាន CNBC កាលពីដើមសប្តាហ៍នេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងឥណ្ឌា នៅតែមានភាពពិបាកខ្លាំង ដោយវានឹងទាមទារឲ្យមានការពិភាក្សាបន្ថែមទៀត រវាងភាគីប្រទេសទាំងពីរ។
លោក Greer បាននិយាយទៀតថា ៖”ពួកគេបានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបើកផ្នែកនៃទីផ្សាររបស់ពួកគេ យើងពិតជាមានឆន្ទៈក្នុងការបន្តនិយាយទៅកាន់ពួកគេ។ ប៉ុន្តែខ្ញុំគិតថាយើងត្រូវការការចរចាបន្ថែមទៀតលើរឿងនោះ ជាមួយមិត្តឥណ្ឌារបស់យើង ដើម្បីមើលថាតើពួកគេចង់មានមហិច្ឆតាក្នុងការបញ្ចប់កិច្ចព្រមព្រៀងកម្រិតណា”។
ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ មិនទាន់បានគំរាមកំហែងឥណ្ឌា ជាមួយនឹងការផ្ញើលិខិតអំពីការការកំណត់ពន្ធគយថ្មី ដូចដែលលោកបានធ្វើទៅលើបណ្តាប្រទេសដៃគូពាណិជ្ជកម្មរាប់សិបផ្សេងទៀតនោះទេ។
ជម្រាបជូនថា លោក ត្រាំ បានកំណត់ពន្ធលើទំនិញរបស់ឥណ្ឌាដែលនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក នៅកម្រិត ២៦% កាលពីថ្ងៃទី២ ខែមេសា មុនពេលសម្រេចផ្អាកការយកពន្ធបដិការនេះវិញ ដើម្បីបើកផ្លូវឲ្យមានការចរចាបន្ថែម៕

