ថៃ កំពុងព្រួយបារម្ភខ្លាំង ក្រោយការនាំចេញអង្កររបស់ខ្លួនធ្លាក់ដាំក្បាលចុះ កាលពីខែមុន

អន្តរជាតិ

ការនាំចេញអង្កររបស់ប្រទេសថៃបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែមករា ដែលបង្កើនការព្រួយបារម្ភថា ការនាំចេញសរុបរបស់ប្រទេសសម្រាប់ឆ្នាំនេះ អាចនឹងធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ ដោយសារតែតម្លៃប្រាក់បាតឡើងថ្លៃ និងការប្រកួតប្រជែងទូទាំងពិភពលោកកាន់តែខ្លាំងឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ បាននិយាយថា ការនាំចេញសរុបនៅក្នុងខែមករា បានឈានដល់ចំនួនត្រឹមតែ ៥៣០ ០០០ តោនប៉ុណ្ណោះ ធ្លាក់ចុះ ១៧,៥% ពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលតម្លៃនាំចេញបានធ្លាក់ចុះ ៣០,៧% មកនៅត្រឹម ៩,៧ពាន់លានបាត (ប្រហែល ៣១២លានដុល្លារអាមេរិក)។

មិនតែប៉ុណ្ណោះ សមាគមនេះព្យាករថាការនាំចេញអង្កររបស់ថៃសរុបអាចមានចំនួន ៧,០៣ លានតោននៅឆ្នាំនេះ ពោលគឺធ្លាក់ចុះ ១១% ពីឆ្នាំមុន ដោយតម្លៃនាំចេញត្រូវបានព្យាករថានឹងធ្លាក់ចុះ ១២,៣% ផងដែរ មកនៅត្រឹម ១៣០ពាន់លានបាត។

យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះនេះ ត្រូវបានក្រុមអ្នកនាំចេញនិយាយថា កត្តាហានិភ័យចម្បងបំផុតមួយ គឺការកើនឡើងនៃតម្លៃប្រាក់បាត (បច្ចុប្បន្នប្រែប្រួលប្រហែល ៣១បាតក្នុងមួយដុល្លារអាមេរិក) ដែលធ្វើឱ្យអង្ករថៃមានតម្លៃថ្លៃជាងអង្ករដៃគូប្រកួតប្រជែងរបស់ខ្លួន។

លើសពីនេះ ពន្ធនាំចូលបណ្តោះអាសន្នរបស់សហរដ្ឋអាមេរិកចំនួន 1៥% រយៈពេល ១៥០ថ្ងៃអាចកាត់បន្ថយការនាំចេញអង្ករក្រអូបរបស់ថៃទៅកាន់សហរដ្ឋអាមេរិកចន្លោះពី ១៥-២០% ផងដែរ។ បច្ចុប្បន្នសហរដ្ឋអាមេរិកគឺជាទីផ្សារអង្ករក្រអូបធំបំផុតរបស់ប្រទេសថៃ ដែលមានចំនួនប្រហែលពាក់កណ្តាលនៃការនាំចេញអង្ករក្រអូបសរុបរបស់ខ្លួន៕​