ចក្រភពអង់គ្លេស គ្រោងចាយលុយជិត ២០ពាន់លានដុល្លារ សង់រោងចក្រថាមពលនុយក្លេអ៊ែរ

អន្តរជាតិ

ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ បានប្រកាសសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរថ្មីមួយ ជាមួយនឹងការបោះទុនវិនិយោគប្រមាណ ១៤,២ពាន់លានផោន ឬស្មើនឹង ១៩ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋាភិបាលរបស់ប្រទេសនេះ បាននិយយាថា រោងចក្រថាមពលនុយក្លេអ៊ែរថ្មីដែលមានឈ្មោះថា Sizewell C កំពុងត្រូវបានសាងសង់នៅក្នុងទីក្រុង Suffolk ដើម្បីជួយកាត់បន្ថយការពឹងផ្អែកលើទីផ្សារឥន្ធនៈហ្វូស៊ីលអន្តរជាតិដែលមានការប្រែប្រួល។ រោងចក្រនេះ ត្រូវបានគេរំពឹងថានឹងបើកដំណើរការនៅក្នុងអំឡុងឆ្នាំ២០៣០ ដោយផ្តល់ថាមពលដែលមានការបំភាយកាបូនទាបគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការអគ្គីសនីដល់ផ្ទះចំនួន ៦ លានខ្នង។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា Sizewell C គឺជាជំហ៊ានថ្មីមួយ បន្ទាប់ពីរដ្ឋាភិបាលមុនៗ ហាក់មានការស្ទាក់ស្ទើរក្នុងការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ។ រម្លឹកថា រោងចក្រថាមពលនុយក្លេអ៊ែរចុងក្រោយដែលត្រូវដំណើរការ នៅចក្រភពអង់គ្លេសគឺ Sizewell B ដែលត្រូវបានបិទទាំងស្រុង ក្នុងឆ្នាំ១៩៩៥។

មិនតែប៉ុណ្ណោះ យោងតាមក្រសួងរតនាគារអង់គ្លេស បាននិយាយថាការសាងសង់ Sizewell C នឹងបង្កើតការងារសរុបប្រហែល ១០ ០០០ កន្លែង។ ហើយការវិនិយោគដែលបានប្រកាសនៅថ្ងៃនេះ គឺបន្ថែមពីទឹកប្រាក់ចំនួន ៣,៧ពាន់លានផោន ដែលរដ្ឋាភិបាលបេ្តជ្ញាបោះទុនលើគម្រោងនេះ។

ជម្រាបជូនផងដែរថា ដោយបន្ថែមពីលើការសាងសង់រោងចក្រខ្នាតធំនេះ រដ្ឋាភិបាលអង់គ្លេស ក៏បាននិយាយផងដែរថា ក្រុមហ៊ុន Rolls-Royce ត្រូវបានជ្រើសរើសជាអ្នកម៉ៅការ ក្នុងការអភិវឌ្ឍន៍ម៉ាស៊ីនរ៉េអាក់ទ័រម៉ូឌុលតូចៗចំនួនបី (SMRs) ដែលមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់អគ្គិសនីដល់គ្រួសារប្រមាណ ៣ លានគ្រួសារ និងបម្រើដល់ឧស្សាហកម្មប្រើប្រាស់ថាមពលអគ្គិសនីធំៗ ដូចជាមជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI ជាដើម៕