ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងមិនព្យាពេលសម្រាប់ការដាក់ពន្ធគយខ្ពស់ ដែលនឹងត្រូវដល់ថ្ងៃកំណត់នៅថ្ងៃស្អែកនេះ សារជាថ្មីម្តងទៀតឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

ដោយបានសរសេរបង្ហោះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធ លោក ត្រាំ បានលើកឡើងថា ៖” កាលកំណត់ នៅថ្ងៃទី១ ខែសីហា គឺនៅថ្ងៃទី១ ខែសីហា វានៅតែដដែល ហើយនឹងគ្មានការពន្យារពេលទៀតនោះឡើយ។ វានឹងក្លាយជាថ្ងៃដ៏ធំមួយសម្រាប់អាមេរិក”។
យ៉ាងណាមិញជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង ស្របពេលលោក ត្រាំ ក៏បានប្រកាសថា សហរដ្ឋអាមេរិក នឹងដាក់ពន្ធ ២៥% ទៅលើទំនិញរបស់ប្រទេសឥណ្ឌា បូករួមទៅនឹងការពិន័យលើប្រទេសនេះ ដែលបានទិញឧបករណ៍យោធា និងថាមពលពីរុស្ស៊ី ផងដែរ។
ជម្រាបជូនផងដែរថា កាលពីដើមខែមេសា លោក ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក បានដាក់ពន្ធនៅក្នុងអត្រា ១០% លើប្រទេសជាច្រើន នឹងពន្ធខ្លះដល់ទៅ ៥០% លើប្រទេសដៃគូពាណិជ្ជកម្មមួយចំនួន នៅទូទាំងពិភពលោក។ ប៉ុន្តែពន្ធគយនេះ បានធ្វើឲ្យមានភាពច្របូកច្របល់ខ្លាំង ដោយធ្វើឲ្យលោក ត្រាំ សម្រេចពន្យារពេល ៩០ថ្ងៃ ដើម្បីទុកពេលចរចា។
លុះដល់ថ្ងៃកំណត់ដែលពន្ធគយនឹងត្រូវចូលជាធរមាននៅថ្ងៃទី៩ ខែកក្កដា លោក ត្រាំ ក៏បានបន្តប្រកាសពន្យារពេលបន្ថែមទៀត រហូតដល់ថ្ងៃទី១ ខែសីហា ស្អែកនេះ៕

