អ្នកឧកញ៉ា ហ៊ុន ឡាក់ តំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ឯក ពោ វៃ យោធិន

សមាគមឧកញ៉ាកម្ពុជា

នៅព្រឹកថ្ងៃព្រហ្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាដែលរួមមានសមាសភាព អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូប ចូលរួមគោរពវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ឯក ពោ វៃ យោធិន នៃកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក នៃកងយោធពលខេមភូមិន្ទដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិនៅសមរភូមិប្រយុទ្ធប្រឆាំងនឹងកងទ័ពឈ្លានពានថៃ ចំណែកឯពិធីបុណ្យសពកំពុងប្រារព្ធធ្វើនៅវត្តវាលស្បូវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានពាំនាំនូវការចូលរួមរំលែកទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ក៏ដូចជាលិខិតរំលែកមរណទុក្ខពីសមាគមឧកញ៉ាកម្ពុជា ជូនក្រុមគ្រួសារ នៃសពចំពោះមរណភាពរបស់លោកអនុសេនីយ៍ឯក ពោ វៃ ដែលជាស្វាមី និងជាឪពុកមួយរូបដែលប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំងជាវីរជនដ៏អង់អាចក្លាហានពោរពេញដោយស្មារតីស្នេហាជាតិមាតុភូមិ។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ឯក ពោ វៃ សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ វីរភាពដ៏អង់អាចរបស់លោកនឹងស្ថិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូបគ្មានថ្ងៃបំភ្លេចបាន៕