ឧកញ៉ា ពៅ គឹមថង អគ្គនាយកក្រុមហ៊ុន អោកធូសា អឌីត&អាសូរេន ឯ.ក ចូលរួមជា «សមាជិកទ្រទ្រង់» នៃសមាគមឧកញ៉ាកម្ពុជា។ នេះបើតាមការប្រកាសរបស់សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។

តាមរយៈប្រភពព័ត៌មានដែលទទួលបាន បច្ចុប្បន្ន ឧកញ៉ា ពៅ គឹមថង គឺជាសហស្ថាបនិក និងជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន អោកធូសា អឌីត & អាសូរេន ឯ.ក (AUCTUSA AUDIT & ASSURANCE CO., LTD.) និងជាអតីតសហស្ថាបនិក នៃក្រុមហ៊ុន អលលីណឺស ថាក់ & ប៊ីស៊ីនីស ខន់សាល់ថេន ឯ.ក (ALLINUS TAX & BUSINESS CONSULTANT CO., LTD.) ដែលផ្តោតលើការផ្តល់សេវាកម្មនានា ដើម្បីគាំទ្រដល់ សហគ្រាសធនតូចនិងមធ្យម អាជីវកម្មគ្រប់ប្រភេទ និងការវិនិយោគនានា មានជាអាទិ៍៖ សេវាកម្មគណនេយ្យ ពន្ធដារ សវនកម្ម និងប្រឹក្សាយោបល់ ជាដើម។ ក្រៅពីនោះ ឧកញ៉ា ពៅ គឹមថង ក៏កំពុងកាន់កាប់អាជីវកម្មផ្សេងៗទៀត ដូចជា សេវាកម្មដឹកជញ្ជូន ជួលគ្រឿងចក្រ ជួលរថយន្ត និងសេវាកម្មអចលនទ្រព្យផងដែរ។
មុនឈានជើងចូលកាត់កាប់មុខជំនួញខាងលើ ឧកញ៉ា ពៅ គឹមថង ធ្លាប់មានប្រវត្តិជាអ្នកខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដោយទទួលបានអាហារូបករណ៍ ទាំងនៅក្នុង និងក្រៅប្រទេសជាបន្តបន្ទាប់។ ឧកញ៉ា ពៅ គឹមថង ជាអតីតនិស្សិតថ្នាក់អនុបណ្ឌិត ជំនាញនីតិពាណិជ្ជកម្ម នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង, ថ្នាក់អនុបណ្ឌិតជំនាញពាណិជ្ជកម្មអន្តរជាតិ នៅសាកលវិទ្យាល័យ Seoul National University (SNU) កូរ៉េខាងត្បូង, ថ្នាក់បរិញ្ញាបត្រជំនាញសេដ្ឋកិច្ចអភិវឌ្ឍន៍ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE), ថ្នាក់បរិញ្ញាបត្រជំនាញភាសារអង់គ្លេស នៅសាកលវិទ្យាល័យមេគង្គកម្ពុជា (CMU), វគ្គគោលនយោបាយនិងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្រោមកម្មវិធី Australia Awards Fellowship នៅប្រទេសអូស្ត្រាលី, និងថ្នាក់ភាសាកូរ៉េ នៅសាកលវិទ្យាល័យ Keimyung University កូរ៉េខាងត្បូង ជាដើម។
លោក ពៅ គឹមថង ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សូមជម្រាបជូនថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើង និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ ៥៩៧៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២ ស្តីពីការសុំចុះឈ្មោះសមាគមឧកញ៉ាកម្ពុជា ក្នុងបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងព្រះរាជក្រឹត្យលេខ នស/រកត/១០២៤/១៣០៩ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ស្តីពីគោរមងារឧកញ៉ា។





