លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច នៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការទម្លាក់ពន្ធរបស់អាមេរិកមកត្រឹម១៩% ដល់ប្រទេសកម្ពុជា នឹងជំរុញការទាក់ទាញវិនិយោគិនមកកម្ពុជាកាន់តែច្រើនឡើងថែមទៀត។

ថ្លែងប្រាប់សារព័ត៌មាន ឧកញ៉ាញូស៍ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ មានប្រសាសន៍ថា ចំពោះការដាក់អត្រាពន្ធ១៩% របស់សហរដ្ឋអាមេរិកមកលើកម្ពុជា យើងឃើញថាកម្រិតអត្រាពន្ធ១៩% គឺជាអត្រាពន្ធមួយដែលអាចធ្វើឱ្យកម្ពុជារក្សាបាននូវឧស្សាហកម្មរបស់ខ្លួន និងការនាំចេញរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកបានដដែល។ មិនតែប៉ុណ្ណោះថែមទាំងអាចនឹងទាក់ទាញវិនិយោគពីបណ្តាប្រទេសនានាជាច្រើនទៀតមកកាន់ប្រទេសកម្ពុជា។
លោកបណ្ឌិត បានមើលឃើញថា អត្រាពន្ធនេះបើធៀបជាមួយនឹងប្រទេសវៀតណាម២០% ប្រទេសកម្ពុជា១៩% កម្ពុជាមានភាពល្អជាង, កម្ពុជាមានប្រាក់ឈ្នួលពលកម្មនៅទាបនៅឡើយ ,រដ្ឋាភិបាលកំពុងធ្វើគោលនយោបាយកែទម្រង់និងសម្របសម្រួលឱ្យបរិយាកាសវិនិយោគកាន់តែប្រសើរដើម្បីកាត់បន្ថយថ្លៃដើមលុបបំបាត់អំពើពុករលួយដែលរួមចំណែកធ្វើឱ្យឧស្សាហកម្មកម្ពុជាមានការលូតលាស់ខ្លាំង។ លោកបណ្ឌិតគូសបញ្ជាក់ថា ចំណុចនេះគឺជាមូលដ្ឋានសំខាន់សម្រាប់ឱ្យប្រទេសកម្ពុជាយើងឈានទៅរកចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងអាចនឹងសម្រេចគោលដៅប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០បន្តទៅមុខទៀត។

សូមជម្រាបជូនថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានសម្រេចបន្ថយអត្រាពន្ធគយសម្រាប់កម្ពុជា ពី ៣៦% មកនៅត្រឹម ១៩%។ អត្រាពន្ធបដិកាថ្មីនេះ ជាកម្រិតល្អមួយជួយឱ្យកម្ពុជា កាន់តែទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា និងជំរុញឱ្យការធ្វើពាណិជ្ជកម្មកាន់តែល្អជាងមុន។ អត្រាពន្ធគយថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះតទៅ។
ជាមួយគ្នានេះ អត្រាពន្ធគយថ្មីសម្រាប់ថៃ បានថយចុះពី ៣៦% មកនៅត្រឹម ១៩% ផងដែរ។ រីឯប្រទេសអាស៊ានផ្សេងៗទៀត ទទួលបានអត្រាដូចជា៖ សិង្ហបុរី ១០%, ហ្វីលីពីន ១៩%, ឥណ្ឌូនេស៊ី ១៩%, ម៉ាឡេស៊ី ១៩%, វៀតណាម ២០%, ប្រ៊ុយណេ ២៥%, ឡាវ ៤០%, មីយ៉ាន់ម៉ា ៤០%៕


