លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា សហរដ្ឋអាមេរិកបញ្ចុះពន្ធកម្ពុជាពី៤៩% មកត្រឹម១៩% គឺកម្ពុជាទទួលបានការបញ្ចុះអត្រាពន្ធច្រើនជាងគេនៅក្នុងពិភពលោក ហើយអត្រាពន្ធនេះកម្ពុជាអាចធ្វើការប្រកួតប្រជែងបានជាមួយប្រទេសជិតខាងបានផងដែរ។

លោកបានថ្លែងបែបនេះនៅកនុងសន្និសីទសារព័ត៌មាន ស្តីពី លទ្ធផលនៃអត្រាពន្ធបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។
ថ្លែងក្នុងសន្និសីទខាងលើ លោក ស៊ុន ចាន់ថុល បញ្ជាក់ថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ អត្រាពន្ធដែលកម្ពុជាទទួលបានពីសហរដ្ឋអាមេរិកគឺ៤៩% , នៅថ្ងៃទី៧ ខែកក្កដា ពន្ធនេះបានចុះមក៣៩% ប៉ុន្តែនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបាន១៩% ។
លោកបន្តថា បើយើងមើលទំហំ អត្រានៃការចុះនេះគឺចុះបាន៣០ពិន្ទុ ប៉ុន្តែបើប្រៀបធៀបជាភាគរយនៃការចុះគឺចុះ៦១,២% ពោលគឺចុះច្រើនជាងគេនៅលើពិភពលោក ខណៈអត្រាពន្ធនេះកម្ពុជាអាចធ្វើការប្រកួតប្រជែងបានជាមួយប្រទេសជិតខាងបានលើការធ្វើពាណិជ្ជកម្មមានអាទិភាពច្រើនជាងថែមទៀត ដោយសារកម្ពុជាមានសក្ដានុពលខ្ពស់លើការវិនិយោគ។
បើតាមលោក ស៊ុន ចាន់ថុល ការសម្រេចបញ្ចុះអត្រាពន្ធ១៩%ថ្មីរបស់សហរដ្ឋអាមេរិកដល់កម្ពុជា នេះ ធ្វើឱ្យវត្តមានរោងចក្រនៅកម្ពុជាមិនបិទទ្វារ មានតែពង្រីកនិងបង្កើតការងារបន្ថែមដល់ប្រជាពលរដ្ឋ។

សូមជម្រាបជូនថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានសម្រេចបន្ថយអត្រាពន្ធគយសម្រាប់កម្ពុជា ពី ៣៦% មកនៅត្រឹម ១៩%។ អត្រាពន្ធបដិកាថ្មីនេះ ជាកម្រិតល្អមួយជួយឱ្យកម្ពុជា កាន់តែទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា និងជំរុញឱ្យការធ្វើពាណិជ្ជកម្មកាន់តែល្អជាងមុន។ អត្រាពន្ធគយថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះតទៅ។
ជាមួយគ្នានេះ អត្រាពន្ធគយថ្មីសម្រាប់ថៃ បានថយចុះពី ៣៦% មកនៅត្រឹម ១៩% ផងដែរ។ រីឯប្រទេសអាស៊ានផ្សេងៗទៀត ទទួលបានអត្រាដូចជា៖ សិង្ហបុរី ១០%, ហ្វីលីពីន ១៩%, ឥណ្ឌូនេស៊ី ១៩%, ម៉ាឡេស៊ី ១៩%, វៀតណាម ២០%, ប្រ៊ុយណេ ២៥%, ឡាវ ៤០%, មីយ៉ាន់ម៉ា ៤០%៕

