អង្គការអន្តរជាតិ Organisation of La Francophonie (OIF) ដែលមានប្រទេសជាសមាជិកចំនួន ៩៣ ថ្មីៗនេះ បានអំពាវនាវឲ្យប្រទេសថៃ មានការការគោរពពេញលេញនៃច្បាប់អន្តរជាតិ និងការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងសំណុំរឿងព្រំដែនជាមួយកម្ពុជា ដោយបានគូសបញ្ជាក់ថា តុលាការ ICJ បានកាត់ឲ្យកម្ពុជា ឈ្នះក្តីពីរលើករួចមកហើយ គឺនៅឆ្នាំ១៩៦២ និងឆ្នាំ២០១៣។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Khmer Times ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយពីទីក្រុងប៉ារីស កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ អគ្គលេខាធិការ OIF លោកស្រី Louise Mushikiwabo បានស្វាគមន៍លើកិច្ចព្រមព្រៀងបទឈប់បាញ់នាពេលថ្មីៗនេះ រវាងកម្ពុជា និងថៃ ដោយសាទរថា វាជាជំហានវិជ្ជមាន និងសំខាន់ ដើម្បីឆ្ពោះទៅរកសន្តិភាព និងស្ថិរភាព ក្នុងតំបន់យូរអង្វែង។
លោកស្រី Mushikiwabo បាននិយាយថា ៖”យើងអបអរសាទរភាគីទាំងអស់សម្រាប់ការបន្តការសន្ទនាឡើងវិញយ៉ាងឆាប់រហ័ស ដែលជាសញ្ញានៃការប្តេជ្ញាចិត្តរបស់ពួកគេចំពោះសន្តិភាព និងស្មារតីសហប្រតិបត្តិការ ដែលមានសារៈសំខាន់ចំពោះស្ថិរភាពក្នុងតំបន់”។
ទន្ទឹមនឹងនេះ ដោយកោតសរសើរចំពោះវឌ្ឍនភាពការទូត លោកស្រី Mushikiwabo ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពសេចក្តីសម្រេចផ្លូវច្បាប់នាពេលកន្លងមក ជាពិសេសសេចក្តីសម្រេចដែលចេញដោយតុលាការ ICJ ក្នុងឆ្នាំ១៩៦២ និងការអះអាងជាថ្មីនៅឆ្នាំ២០១៣ ដែលនិយាយថាកម្ពុជាមានអធិបតេយ្យភាពពេញលេញលើប្រាសាទព្រះវិហារ និងតំបន់ជុំវិញ។
ជម្រាបជូនផងដែរថាសេចក្តីថ្លែងការណ៍របស់ OIF នេះ ត្រូវបានធ្វើឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំង និងការប៉ះទង្គិចគ្នាជាថ្មីនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបានជំរុញឲ្យយមានកិច្ចចរចាបទឈប់បាញ់ជាបន្ទាន់មូួយនៅដើមសប្តាហ៍នេះ។ ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានរងការខូចខាត ដោយសារការវាយប្រហារតាមផ្លូវអាកាសរបស់ប្រទេសថៃ និងការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេលជម្លោះព្រំដែន រយៈពេលប្រាំថ្ងៃ៕

