អ្នកឧកញ៉ា ហ៊ុន ឡាក់ តំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធលោកព្រិន្ទបាលទោ រិន វាសនា

សមាគមឧកញ៉ាកម្ពុជា

កាលពីរសៀលថ្ងៃព្រហ្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាដែលរួមមានសមាសភាព អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូប បានបន្តចូលរួមគោរពវិញ្ញាណក្ខន្ធលោកព្រិន្ទបាលទោ រិន វាសនា នាយរងក្រុមទី២ កងអនុសេនាតូចដឹកជញ្ជូន វរសេនាតូចលេខ៣៩៣ កងពលតូចអន្តរាគមលេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធក្នុងភូមិសាស្ត្រតំបន់មុំបី កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៨:២០នាទីល្ងាចក្នុងជន្មាយុ ២៨ឆ្នាំ ដោយពិធីបុណ្យសពកំពុងប្រារព្ធធ្វើនៅគេហដ្ឋានស្ថិតនៅភូមិចំការត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានពាំនាំនូវការចូលរួមរំលែកទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ក៏ដូចជាលិខិតរំលែកមរណទុក្ខពីសមាគមឧកញ៉ាកម្ពុជា ជូនក្រុមគ្រួសារ នៃសពចំពោះមរណភាពរបស់លោកព្រិន្ទបាលទោ រិន វាសនា ដែលជាកុលបុត្រខ្មែរមួយរូបប្រកបដោយវីរភាពដ៏អង់អាចក្លាហានពោរពេញដោយស្មារតីស្នេហាជាតិមាតុភូមិ។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកព្រិន្ទបាលទោ រិន វាសនា សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ វីរភាពដ៏អង់អាចរបស់លោកនឹងស្ថិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូបគ្មានថ្ងៃបំភ្លេចបាន៕