ក្រសួងព័ត៌មាន នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំស្តីពី ការផ្សព្វផ្សាយ និងការចែកចាយព័ត៌មានផ្តល់ផលអវិជ្ជមានដល់សន្តិសុខជាតិ ដល់អ្នកសារព័ត៌មាន អ្នកធ្វើសកម្មភាព ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ឱ្យអនុវត្តលើ៣ចំណុច។

តាមសេចក្តីណែនាំខាងលើ បានបញ្ជាក់ថា នៅក្នុងកាលៈទេសៈដែលកម្ពុជា កំពុងរួមគ្នាជាធ្លុងមួយក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្នុងបុព្វហេតុការពារ អធិបតេយ្យនិងបូរណភាពទឹកដី ប្រឆាំងនឹងសកម្មភាពឈ្លានពានប្រដាប់អាវុធដោយកងទ័ពថៃ និងបច្ចុប្បន្ន បាននិងកំពុងអនុវត្តបទឈប់បាញ់ជាបន្ទាន់និងគ្មានលក្ខខណ្ឌដើម្បីស្តារឡើងវិញនូវប្រក្រតីភាព ក្រសួងព័ត៌មានបានសង្កេតឃើញថា អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងមួយចំនួន បានធ្វើការ ផ្សព្វផ្សាយរូបភាពពីសមរភូមិជួរមុខ ដោយបានបង្ហាញទីតាំងលេណដ្ឋានកងទ័ព សព្វាវុធ យោធោប្បករណ៍ ការសម្ងាត់របស់កងទ័ព និងយុទ្ធសាស្ត្រប្រយុទ្ធ ដែលអាចធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ អាយុជីវិតរបស់ យុទ្ធជន និងការបំពេញបេសកកម្មក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ ក្រសួងព័ត៌មាន សូមណែនាំដល់អ្នកសារព័ត៌មាន អ្នកធ្វើសកម្មភាព ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ដូចតទៅ៖
១- រាល់ការធ្វើដំណើរនិងការចុះយកព័ត៌មាននៅសមរភូមិជួរមុខ ត្រូវមានការជូនដំណឹងនិងស្នើសុំការ អនុញ្ញាតពីក្រសួងព័ត៌មាន និងសមត្ថកិច្ចនៅសមរភូមិមុខ ហើយត្រូវកាត់បន្ថយជាអតិប្បរមា ដើម្បីធានា សុវត្ថិភាពផ្ទាល់ខ្លួននិងសន្តិសុខជាតិ និងត្រូវគោរពក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្តីពីរបប សារព័ត៌មាន និងលិខិតបទដ្ឋាគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា
២- ហាមផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ យោធោប្បករណ៍ និងការសម្ងាត់របស់កងទ័ព ដែលធ្វើឱ្យអន្តរាយដល់សន្តិសុខ ជាតិនិងបង្កគ្រោះថ្នាក់ដល់អ្នកបំពេញបេសកកម្មជូនជាតិ
៣- រាល់ការផ្សព្វផ្សាយ និងចែកចាយព័ត៌មាន ត្រូវធានាថា មិនធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ ការ បែងបាក់សាមគ្គីភាពជាតិ ការបំបាក់ទឹកចិត្តកងទ័ព ទំនាក់ទំនងជាមួយប្រទេសដទៃ ការបង្កអរិភាពជាតិ សាសន៍ សិទ្ធិបុគ្គល សាធារណមតិជាតិ និងអន្តរជាតិ ដោយចាំបាច់ត្រូវផ្ទៀងផ្ទាត់ព័ត៌មាន ជាមួយប្រភព ព័ត៌មានផ្លូវការរបស់ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងក្រសួងការបរទេស និងកិច្ច សហប្រតិបត្តិការអន្តរជាតិ ក្រសួងព័ត៌មាន និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
ក្រសួងព័ត៌មានគូសបញ្ជាក់ថា ការប្រព្រឹត្តផ្ទុយនឹងសេចក្តីណែនាំនេះ ក្រសួងព័ត៌មាននឹងមានវិធានការតាមផ្លូវច្បាប់ក្រសួងព័ត៌មានសង្ឃឹមជឿជាក់យ៉ាងមុតមាំថា អ្នកសារព័ត៌មានអាជីព និងអ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងទាំងអស់ នឹងអនុវត្តតាមសេចក្តីណែនាំ នេះឱ្យមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ ក្រសួងព័ត៌មានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំចែករំលែកព័ត៌មានមិនពិតនិងរួមចំណែកក្នុងការពារសេចក្តីពិត សន្តិភាព និងសាមគ្គីភាពជាតិ។ ការចូលរួមរបស់អ្នកសារព័ត៌មាន និងសាធារណជន នឹងជួយទប់ស្កាត់និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងបំភ័ន្តសភាពការណ៍ពិតជាក់ស្តែងពីកម្ពុជា ដែលភាគីម្ខាងទៀតបានខិតខំព្យាយាម ប្រឌិតឡើងដើម្បីបង្កើតលេសឈ្លានពានបូរណភាពទឹកដីកម្ពុជា៕



