សម្តេចធិបតី ប្រាប់អាមេរិកថា កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ទន្ទឹមគ្នានេះ សម្តេចធិបតី ប្រាប់អាមេរិកថា កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយប់ថ្ងៃទី ២៥ ធ្នូ ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។

នាឱកាសនោះ លោករដ្ឋមន្ត្រី Rubio បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា សហរដ្ឋអាមេរិក ចង់ឃើញសន្តិភាពស្ថិតស្ថិររវាងកម្ពុជានិងថៃ និងខិតខំជំរុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមាន។

ជាថ្មីម្តងទៀត សម្តេចធិបតី កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក រួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕ អត្ថបទ៖ ហ្សាលីន