វិនិយោគិនខេត្តជាំងស៊ូ មានបំណងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរទៀតនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីៗនេះ លោក ចាវ ជានជីន (Zhao Jianjun) អភិបាលក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន បានបង្ហើបឱ្យដឹងថា ក្រៅពីការបណ្តាក់ទុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ភាគីចិនមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរទៀតនៅកម្ពុជា គឺទី១-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងទី២-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាការឆ្លើយតបលោក ជា វុទ្ធី បានគាំទ្រគម្រោងនេះ ដោយចាត់ទុកថាវាមានសារៈសំខាន់សម្រាប់បង្កើនការវិនិយោគ ពាណិជ្ជកម្ម និងលើកស្ទួយវិស័យសេដ្ឋកិច្ច។

លោកអគ្គលេខាធិការបានជម្រាបអំពីភាពល្អប្រសើរនៃស្ថានភាពវិនិយោគនៅកម្ពុជាដែលឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគដ៏គំហុកក្នុងឆ្នាំ២០២៤ និងកំណើនវិនិយោគក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា, ពិសេសភាពរីកចម្រើនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបច្ចុប្បន្នបានទាក់ទាញការវិនិយោគមកក្នុងតំបន់បានប្រមាណ ២០០ក្រុមហ៊ុន ហើយទំហំនៃការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសនេះ មានប្រមាណ ៣០%នៃការនាំចេញសរុបពីតំបន់សេដ្ឋកិច្ចពិសេសទាំងអស់។

គួរបញ្ជាក់ថា នៅឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា និងខេត្តជាំងស៊ូ មាន ២ ៩៣០លានដុល្លាអាម៉េរិក ដោយកើន ៩,៧ ភាគរយ។​ តួលេខនេះ គឺស្មើ ២០ ភាគរយ នៃទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន។

ការនាំចូលពីខេត្តជាំងស៊ូ មកកាន់កម្ពុជា មានទំហំទឹកប្រាក់ ២ ​៧៤០ លានដុល្លាអាម៉េរិក កើន១០,១ភាគរយ និងនាំពីកម្ពុជាទៅជាំងស៊ូ មាន ១៩០ លានដុល្លារអាម៉េរិក កើនឡើង ៤,៨ភាគរយ។ ជាមួយគ្នានេះ ខេត្ត ជាំងស៊ូ ក៏មានគម្រោងវិនិយោគនៅកម្ពុជាចំនួន ២១១ គម្រោង ដែលស្មើ ១ ៧១០ លានដុល្លារអាម៉េរិកផងដែរ៕